រដូវប្រមូលផលផ្លែទុរេននៅសំឡូតឆ្នាំនេះ បានទាក់ទាញអតិថិជនយ៉ាងច្រើនកុះករ
អាជីវកម្ម June 22, 2024 Khmernote

យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា ២សប្តាហ៍មកហើយ ដែលមានរថយន្តភ្ញៀវក្នុងខេត្តនិងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរេន។

លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។

ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរេននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។

លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេន វគ្គទីមួយនេះ ទុំប្រមាណ ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ ។

យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំទុរេន ៦ឃុំសរុបចំនួន ៥៩៣ហិកតា ដែលក្នុងនោះឃុំសំឡូត និង ឃុំស៊ុងដាំដុះច្រើនជាងគេ ក្នុងនោះឃុំសំឡូតដាំបាន ២៨០ហិតា ឃុំស៊ុង២១៥ហិកតា ឃុំមានជ័យ៤១ហិកតា ឃុំតាសាញ២០ហិកតា ឃុំតាតោក៣៥ហិកតា និងឃុំកំពង់ល្ពៅមានចំការទុរេនចំនួន៥ហិកតា ។

របាយការណ៍របស់មន្រ្តីកសិកម្មស្រុកបញ្ជាក់ថា ក្នុងចំណោមដំណាំទុរេនខាងលើ មានចំនួន ៤៥៧ហិកតាអាចប្រមូលផលបាន ដែលគិតទិន្នផលជាមធ្យមពី ៧តោន ដល់ ១០តោនក្នុងមួយហិកតា ដែលជាទិន្នផលយ៉ាងខ្ពស់។ បើតាមទិន្នន័យការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង ឱ្យដឹងថាឆ្នាំនេះកសិករប្រមូលផលផ្លែទុរេនបានជិត ៤ ៥០០តោន ដែលលក់បានតម្លៃក្នុងមួយគីឡូ ១៥០០០រៀល។

លោក ម៉ែន រីម អធិការស្រុកសំឡូតបានឱ្យដឹងថា ភ្ញៀវមកដំណើរកំសាន្តនិងទិញផ្លូវទុរេនតាមចំការច្រើននៅថ្ងៃចុងសប្តាហ៍រយះពេល ពីរសប្តាហ៍មកហើយ។ ភ្ញៀវខ្លះក្រោយពីបានចូលចំការទុរេនហើយបានបន្តដំណើរកំសាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា ៕

ប្រភព៖ ក្រសួងព័ត៌មាន