ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla នឹងមិនបង្កើតរោងចក្រផលិតក្នុងប្រទេសឥណ្ឌាឡើយ រហូតទាល់តែប្រទេសនេះត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តនាំចូលក្នុងប្រទេសជាមុនសិន។ ឆ្លើយតបទៅនឹងបុគ្គលម្នាក់នៅលើ Twitter ដែលបានស្នើសុំឱ្យមានការអាប់ដេតព័ត៌មានអំពីរោងចក្រផលិត Tesla នៅក្នុងប្រទេសឥណ្ឌា លោក Musk បានឆ្លើយតបថា “Tesla នឹងមិនបើករោងចក្រផលិតនៅក្នុងទីតាំងណាមួយ ដែលយើងមិនត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តជាមុនឡើយ”។
គួររម្លឹកថា Tesla និងរដ្ឋាភិបាលឥណ្ឌាបានចំណាយពេល ២ឆ្នាំដើម្បីវាយតម្លៃលើឱកាសសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក ប៉ុន្តែត្រូវនៅទ្រឹងដោយសារជាប់គាំង ខណៈរដ្ឋាភិបាលឥណ្ឌាបានទទូច ឱ្យក្រុមហ៊ុន Tesla ប្តេជ្ញាបើករោងចក្រផលិតក្នុងប្រទេស ដើម្បីឲ្យខ្លួនអាចដំឡើងរថយន្តក្នុងស្រុកក្នុងប្រទេស និងអនុវត្តតាមការយកពន្ធខ្ពស់ ទើបក្រុមហ៊ុនអាចលក់រថយន្តរបស់ខ្លួន។
លោក Nitin Gadkari រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌាបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីខែមុនថា៖ “ប្រសិនបើ Elon Musk ត្រៀមខ្លួនផលិតរថយន្ត Tesla នៅក្នុងប្រទេសឥណ្ឌា នោះគ្មានបញ្ហាអ្វីឡើយ។ ប៉ុន្តែការផលិតរថយន្តនៅប្រទេសចិន និងលក់រថយន្តទាំងនោះក្នុងប្រទេសឥណ្ឌាគឺមិនមែនជាសំណើល្អទេ”។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla បានដាក់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំមុន ហើយបានចុះបញ្ជីការិយាល័យនៅទីក្រុង Bengaluru ក្នុង Karnataka ។ គ្រានោះរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌាបាននិយាយភ្លាមៗថា Tesla នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅ Karnataka ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនទាំងនោះត្រូវផ្អាកបាត់ទៅហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ yahoo.


