ហាងគុយទាវនៅឈៀងម៉ៃល្បី ៣៤ឆ្នាំ លក់គុយទាវ ១ចាន ៤០០រៀល ប្រកាសមិនឡើងថ្លៃគុយទាវ ទោះគ្រឿងទេសឡើងថ្លៃខ្ពស់ខ្លាំងក៏ដោយ
អាជីវកម្ម May 28, 2022 Khmernote

ហាងគុយទាវនៅឈៀងម៉ៃ ដែលល្បីល្បាញដោយសារលក់គុយទាវមួយចានតម្លៃ ៣បាត (០.០៨ដុល្លារ ឬ ជិត ៤០០រៀល) បានសន្យាថា នឹងរក្សាតម្លៃទាបបែបនេះដដែល ទោះបីជាត្រូវខាតបង់ប្រាក់ចំណេញខ្លាំង ដោយសារតម្លៃគ្រឿងទេសដែលជាវត្ថុធាតុដើមឡើងថ្លៃខ្ពស់ក៏ដោយ។ លោក Thawat Pirata ដែលជាម្ចាស់ហាងបាននិយាយថា ហាងរបស់គាត់ដែលមានទីតាំងនៅស្រុក Muang ភាគខាងជើងនៃទីក្រុងនេះ មិនដែលជួបប្រទះនឹងការចំណាយខ្ពស់បែបនេះទេ ចាប់តាំងពីបើកឡើងមកកាលពី ៣៤ឆ្នាំមុន។

លោកបានបន្តថា ហាង​របស់​ខ្លួន​បាន​លក់​គុយទាវ​ក្នុង​តម្លៃ ៣បាត ក្នុង​មួយចាន ​អស់​រយៈពេល​ជាង ៣៤ ឆ្នាំ​មក​ហើយ គាត់មិន​ដែល​ឃើញវត្ថុ​ធាតុ​ដើមឡើង​ថ្លៃ​ខ្លាំង​បែបនេះនោះ​ទេ។ ហើយការឡើងថ្លៃនេះ នឹងធ្វើឱ្យហាង​ត្រូវបាត់​បង់​ប្រាក់​ចំណេញ​ជាង ៣០% នៅពេលដែលរក្សាតម្លៃដើមនៅដដែល។

លោកបានបន្ថែមថា ទោះបីជាវត្ថុធាតុដើមឡើងថ្លៃយ៉ាងណាក៏ដោយ ហាងនឹង​មិន​ដំឡើងថ្លៃលើគុយទាវ​ទេ ដោយសារ​មិន​ចង់​ធ្វើ​ឱ្យ​គ្រប់យ៉ាងកាន់តែ​អាក្រក់​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​កំពុង​តស៊ូ​ដើម្បី​រស់​នៅ​ក្នុង​សេដ្ឋកិច្ច​ដែលកំពុងយ៉ាប់យឺន។ ជាមួយគ្នានេះ ក្រៅពីហាងគុយទាវល្បីនៅឈៀងម៉ៃ ក៏មានហាង​អាហារ​មួយ​ទៀត​នៅ​ឈៀងម៉ៃដូចគ្នា បាន​សន្យា​ថា​មិន​ឡើង​ថ្លៃ​ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand