មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើននៅតាមបណ្ដាខេត្តដែលមានសក្ដានុពល ជាពិសេសគឺខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយឈ្មោះថា JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បាននិងកំពុងសាងសង់រោងចក្រផលិតសំបកកង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
គម្រោងនេះ គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគដល់ទៅ ៣០០លានដុល្លារ ហើយអាចបង្កើតឱកាសការងារក្នុងតំបន់បានសរុប ១៦០០កន្លែងនៅពេលសាងសង់រួច។ សូមបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។
បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំងនៅទីនោះ ដោយបានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ ទន្ទឹមនឹងនេះនៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី ៨ម៉ឺនដល់ ១០ម៉ឺននាក់៕

អត្ថបទ៖ លីនី


