ដូចដែលយើងបានដឹងរួចមកហើយថា ប្រទេសថៃសំបូរទៅដោយកន្លែងប្រមូលផ្ដុំទំនិញជាច្រើនប្រភេទ និងកន្លែងបោះដុំធំៗសម្រាប់អាជីវករមកពីគ្រប់ទិសទី។ ប៉ុន្តែទីផ្សារទាំងនោះ ត្រូវបានផ្អាកមួយរយៈធំដោយសារតែការរាតត្បាតដោយជំងឺកូវីដ-១៩ ហើយទើបតែបើកដំណើរការឡើងវិញខ្លះៗ នាពេលថ្មីៗនេះប៉ុណ្ណោះ។
យ៉ាងណាមិញ ដើម្បីជួយលើវិស័យនេះឱ្យវិលមករកកំណើនដូចមុន ក៏ដូចជាពង្រីកឱ្យកាន់តែធំទូលាយថែមទៀតនោះ ក្រសួងពាណិជ្ជកម្មថៃ បានបង្កើតផែនការដ៏ឈ្លាសវៃមួយ ដែលអាចឱ្យប្រជាជនថៃរកប្រាក់បានកាន់តែច្រើនតាមរយៈការលក់ផលិតផលនានា ជាពិសេសគឺសម្លៀកបំពាក់ដល់ប្រជាជនចិន តាមយៈបណ្ដាញសង្គម TikTok ។ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម លោក Phusit Ratanakun Seriruengrit មានប្រសាសន៍ថា ការលក់ទំនិញម៉ូដតាម TikTok អាចបង្កើត ឱកាសកាន់តែច្រើនសម្រាប់អ្នកលក់ថៃ ក្នុងការទទួលបានប្រាក់ចំណូលពីអតិថិជនចិន ដោយសារ TikTok មានប្រជាប្រិយភាពនៅក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ដល់ទៅ ១.១ ពាន់លាននាក់ក្នុងពេលបច្ចុប្បន្ននេះ ខណៈអ្នកប្រើប្រាស់ថៃនៅលើ TikTok ឥឡូវនេះមានលើសពី ២០លាននាក់។
ជាមួយគ្នានេះដែរ លោក Phusit ក៏បានពន្យល់ពីគន្លឹះ ដល់អ្នកលក់ដែលចង់លក់សម្លៀកបំពាក់ និងម៉ូដសម្លៀកបំពាក់នៅលើ TikTok គួរតែផ្តល់ជូននូវ “ខ្លឹមសារជាមួយនឹងការច្នៃប្រឌិតដល់អតិថិជន បង្កើតភាពប្លែកៗដោយការតុបតែងខ្លួន និងស្ទីលក្នុងវិដេអូ ជួលអ្នកមានឥទ្ធិពល (influencer) ដែលមានអ្នក follower ពី ១,០០០ ទៅ ១០,០០០នាក់ និងបង្កើតភាពទាក់ទាញពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួនដើម្បីទាក់ទាញអ្នកមើលចិន។
លោកក៏ប្រាប់បន្ថែមផងដែរ និន្នាការកំពូលៗដែលអាជីវកម្មគួរអនុវត្តតាមរួមមាន ម៉ូដទាន់សម័យ សំលៀកបំពាក់ហាត់ប្រាណ សំលៀកបំពាក់ដែលមិនប៉ះពាល់ដល់បរិស្ថាន សំលៀកបំពាក់ cosplay និងសំលៀកបំពាក់សម្រាប់សម្រាកនៅផ្ទះ។ មិនតែប៉ុណ្ណោះលោកបានលើកឡើងបន្ថែមថា វីដេអូផ្ទាល់ៗបានធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការទិញផលិតផល ដោយសារតែពួកគេអាចឃើញផលិតផលពិត និងទំនាក់ទំនងជាមួយអ្នកលក់ក្នុងពេលភ្លាមៗ។ ដូច្នេះ ឮអ្នកលក់ថៃអាចរកប្រាក់ចំណូលបន្ថែមដោយប្រើទីផ្សារឌីជីថល ហើយជឿថាគន្លឹះ និងនិន្នាការដែលបង្ហោចេញទៅរបស់ពួកគេ អាចជួយឱ្យអាជីវកម្មថៃចូលទៅក្នុងទីផ្សារអ្នកប្រើប្រាស់ចិនបានដ៏ធំសម្បើម៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


