យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thethaiger បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីនៅក្នុងប្រទេសថៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះជាមួយដើមទុនដំបូងចំនួន ៣លានបាត (ប្រមាណ ៨៧ម៉ឺនដុល្លារ) សិន។ តាមសារព័ត៌មានដដែល គោលបំណងចម្បងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺលក់រថយន្តអគ្គិសនី ឬ EVs រួមទាំងដំឡើង និងលក់ប្រព័ន្ធស្តុកថាមពល និងប្រព័ន្ធផលិតថាមពលផងដែរ។
ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា ទំនងជានឹងលក់រថយន្តនៅក្នុងប្រទេសថៃជាជាងផលិត ឬដំឡើងរថយន្ត។ ការមកដល់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ ជាមួយគ្នានេះកាលពីខែមីនា រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួន ៣ ពាន់លានបាត ដើម្បីឧបត្ថម្ភធនដល់តម្លៃលក់រាយរថយន្ត EV សម្រាប់អតិថិជនក្នុងប្រទេសថៃ ហើយរដ្ឋាភិបាលក៏នឹងកាត់បន្ថយពន្ធលើប្រាក់ចំណូលលើរថយន្ត EV ផងដែរ។
គួររម្លឹកថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន Great Wall Motor និង MG Camp បានយល់ព្រមចូលរួមក្នុងគម្រោងរបស់រដ្ឋាភិបាល ហើយបានដាក់លក់រថយន្ត EV សរុបចំនួន ២,០០០គ្រឿងនៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនធំៗជាច្រើនទៀតរួមមាន៖ Benz, BMW, Honda, Mitsubishi, Nissan, Foxconn និង Neta ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការលក់រថយន្ត EV នៅក្នុងប្រទេសថៃផងដែរ។
បញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla មួយរយៈចុងក្រោយនេះ បាននឹងកំពុងស្វែងរកការបង្កើតអាជីវកម្មជាច្រើនកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ពោល ក្រៅពីបើកនៅប្រទេសថៃ ឥណ្ឌូណេស៊ីក៏ហាក់ដូចជាទីផ្សារអនាគតដ៏ធំបំផុត ដែលក្រុមហ៊ុន Tesla បានអាចនឹងសាងសង់រោងចក្រអាគុយ និង EV នៅបរិវេណឧស្សាហកម្មក្នុងខេត្ត Java ផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


