យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា នេះ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ប្រកាសមិនតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរនៅក្នុងផ្សារកំពង់ ពពិលវិញនោះឡើយ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃមានប្រសាសន៍ថាផ្សារកំពង់ពពិលដែលសាង សង់ក្នុងតម្លៃជាង ១លានដុល្លារអាមេរិកនេះ មានការគាំទ្រពីឥស្សរជន ក្រុមការងារ និងសប្បុរសជនជាច្រើន ហើយថាការចំណាយសាងសង់នេះ គឺមិនមានការតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរវិញនោះឡើយ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឥស្សរជន ក្រុមការងារ និងសប្បុរសជនដែលបានរួមចំណែកគាំទ្រសម្ដេចក្នុងការងារសាងសង់ផ្សារកំពង់ពពិលថ្មីនេះ ដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋជាអាជីវករប្រើប្រាស់។ ពាក់ព័ន្ធនឹងដំណើរការសាងសង់ផ្សារនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ផ្ដល់ជូនបន្ថែមនូវការកែលម្អផ្សារនេះដោយក្រាលកម្រាលការ៉ូឱ្យបានស្អាតទាំងនៅផ្នែកជាន់ខាងក្រោម និងផ្នែកជាន់ខាងលើនៃផ្សារ។ ជាមួយគ្នានេះ សម្ដេចក៏បានស្នើសុំក្រុមអាជីវករខិតខំបង្កើនការស្រុះស្រួលគ្នាជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដើម្បីរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ រួមទាំងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ផងដែរ។
ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលព្រៃវែង បានឱ្យដឹងថា ផ្សារកំពង់ពពិលនេះ បានរងខូចខាតស្ទើរទាំងស្រុងដោយគ្រោះអគ្គិភ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយថាដោយ សារការខ្វះខាត ក្រុមអាជីវករបានគោរពស្នើសុំសម្ដេចក្រឡាហោមជួយសាងសង់ផ្សារនេះជាថ្មីឡើងវិញ ដោយសម្ដេចបានឯកភាពភ្លាមៗតាមសំណើ រហូតឈានដល់ការបញ្ចុះបឋមសិលាសាង សង់កាលពីខែកុម្ភៈ ឆ្នាំ ២០២១ និងបានសាងសង់រួចរាល់នៅខែមេសា ឆ្នាំ២០២២ ។ ឯកឧត្តមបន្តថា ផ្សារកំពង់ ពពិលនេះ បានសាងសង់ពីបេតុងលើផ្ទៃដីជាង ៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ ៦២ម៉ែត្រ ទទឹងជាង៥៧ម៉ែត្រ កម្ពស់២ជាន់ ដោយជាន់ទីមួយមានតូបចំនួន ២១០តូប ជាន់ទីពីរមាន ២០០តូប រួមទាំងការបំពាក់ប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ ចំណាយថវិកាជាង ១លាន៤សែន៧ម៉ឺនដុល្លារ និងមានការបំពាក់អំពូលភ្លើងបន្ថែមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ពពិល៕







ប្រភព៖ ក្រសួងព័ត៌មាន


