កសិករថៃម្នាក់ ញញឹមបិទមាត់មិនជិត ក្រោយលក់គោបារ ១ក្បាលបានតម្លៃជិត ២សែនដុល្លារ ជិតស្មើឡាន ៥៧០ មួយគ្រឿង
អាជីវកម្ម May 25, 2022 Khmernote

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកសិករជនជាតិថៃម្នាក់ដែលទើបតែលក់គោបារ ១ក្បាលសោះ ទទួលបានប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះថា Camcar Collection កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹកពីបុរសកសិករជាមួយទឹកមុខដ៏រំភើប។

ប្រភពដដែលបានបង្ហោះដោយអមជាមួយការរៀបរាប់បែបនេះថា៖ “Landcriuser អែបគៀន កសិករថៃម្នាក់ទើបតែលក់គោបារ របស់គាត់បានតម្លៃរហូតដល់ ៦,០០០,០០០បាត ដូរជាលុយដុល្លារប្រហែល ១៨៧,៥០០ដុល្លារ ។ គិតទៅសុំសរសើរ ការអោយតម្លៃកសិករ វាជាកំលាំងចិត្តដែលមិនអាចគណនា បងប្អូនមើលទឹកមុខគាត់ក៏រំភើបជំនួស”។

គួរបញ្ជាក់ថា មុនពេលទទួលបានផ្លែផ្កាដូចពេលនេះ​ បុរសជាម្ចាស់គោដែលមានគណនីហ្វេសប៊ុកឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) តែងតែបង្ហោះពីការចិញ្ចឹមគោរបស់ខ្លួន ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម កុំឱ្យខ្លាចនឿយហត់ កុំចុះចាញ់ការងារលំបាកៗ ព្រោះថ្ងៃមួយវានឹងហុចផលដ៏ល្អឱ្យយើងវិញ ហើយជាក់ស្ដែងគាត់ទទួលបានលទ្ធផលល្អដូចដែលគាត់បានព្យាយាមប្រឹងប្រែងហើយ៕

អត្ថបទ៖ លីនី