មានដីកុំទុកចោល មកដាំដំណាំខ្ទឹមសសុវត្ថិភាព ខណៈកសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំនេះ ព្រោះមានទីផ្សារល្អ លក់បានថ្លៃ
អាជីវកម្ម May 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំខ្ទឹមសសុវត្ថិភាព តាមបច្ចេកទេសត្រឹមត្រូវ មិនប្រើប្រាស់ជីគីមី គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ខណៈដំណាំខ្ទឹមសនេះកំពុងមានតម្រូវការទីផ្សារ និងលក់បានតម្លៃថ្លៃ។

លោក មុយរ៉ាដូ កសិករដាំ ដំណាំខ្ទឹមសសុវត្ថិភាព បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការដាំដំណាំខ្ទឹមសនេះ អស់រយៈពេលជាង១ឆ្នាំ សម្រាប់ទទួលខ្លួនឯងផ្ទាល់ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារ ព្រោះខ្ទឹមសសុវត្ថិភាពនេះមានតម្លៃថ្លៃជាង ប្រភេទខ្ទឹមសធម្មតាដែលដាំមិនមានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ ។

លោកបានបន្ត សម្រាប់ខ្ទឹមសដែលលោកកំពុងដាំជាប្រភេទខ្លឹមសសុវត្ថិភាព ដែលនាំយកពូជមកពីប្រទេសថៃ ដោយដាំដុះតាមស្តង់ដារសុវត្ថិភាព ដោយមិនមានប្រើប្រាស់ជីគីមី ដែលបណ្តាលឱ្យប៉ះពាល់ទៅ ដល់សុខភាពអ្នកបរិភោគឡើយ ។ អ្នកជំនាញសុខភាពបានឱ្យដឹងថា ខ្ទឹមសនេះមាន គុណប្រយោជន៍ជាច្រើន ទី១ ខ្ទឹមសប្រយុទ្ធប្រឆាំង នឹងជំងឺជាច្រើនប្រភេទ ខ្ទឹមសត្រូវបានគេទទួលស្គាល់ថា គឺជាថ្នាំជំរុញមុខងារនៃប្រព័ន្ធភាពស៊ាំ ទី២ ជួយកាត់បន្ថយ សម្ពាធឈាម ជំងឺសរសៃ ឈាមបេះដូង ជំងឺគាំងបេះ ដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ទី៣ ជួយធ្វើឱ្យប្រសើរឡើង នូវកម្រិតកូឡេស្តេរ៉ូល ដែលអាចបន្ថយហានិភ័យ នៃជំងឺបេះដូង ទី៤ ខ្ទឹមសផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ ការពារជំងឺភ្លេចភ្លាំង ទី៥ ការបរិភោគខ្ទឹមស អាចជួយបន្សាបជាតិពុលនៅក្នុងរាងកាយ ទី៦ ខ្ទឹមសអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពឆ្អឹងរបស់មនុស្ស ។

លោកបានបន្ថែមថា សម្រាប់ការដាំខ្ទឹមសសុវត្ថិភាពនេះ គឺវាមានការលំបាកច្រើន ដោយយើងត្រូវពិបាកក្នុងការថែទាំ ណាមួយចំណាយថវិកាច្រើន ប៉ុន្តែទទួលបានទិន្នផលតិច ដោយសារយើងមិនទាន់យល់ច្បាស់ពីការថែទាំឱ្យទទួលបានទិន្នផលច្រើនទៅតាមតម្រូវការដែលយើងចង់បាន។ ក្នុងនោះដែលកសិកររូបនេះបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួយគាំទ្រផលិតផលដែលជាទិន្នផលរបស់កសិករយើងដាំឱ្យបានច្រើន ទោះបីមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែរាល់ទិន្នផលដែលកសិករខ្មែរយើងដាំនាពេលបច្ចុប្បន្នសុទ្ធសឹងតែជាដំណាំបន្លែផ្លែឈើ សុវត្ថិភាព ដែលដាំតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវមិនមានប្រើប្រាស់ជីគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕

ប្រភព៖ ក្រសួងព័ត៌មាន