Elon Musk ត្រៀមបើករោងចក្រ Tesla ថ្មីមួយទៀត ហើយអាចនឹងបើកនៅលើទឹកដីនៃប្រទេសមួយក្នុងតំបន់អាស៊ាន
អាជីវកម្ម May 17, 2022 Khmernote

លោក Elon Musk នាពេលថ្មីនេះ បានសន្យាថា​​ គាត់នឹងប្រកាសពីទីតាំងរបស់រោងចក្រ Tesla ថ្មីមួយទៀតនៅចុងឆ្នាំ២០២២នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestreet។ មហាសេដ្ឋីរូបនេះ បានសន្យាប្រកាសពីទីតាំងនៃរោងចក្រផលិតថ្មីមួយនៅចុងឆ្នាំនេះនៅក្នុងសន្និសីទស្តីពីប្រាក់ចំណូលត្រីមាសទី១។

យ៉ាងណាមិញ រោងចក្រថ្មីនេះ ត្រូវបានគេប៉ាន់ស្មានថា អាចនឹងស្ថិតនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី ខណៈថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ទើបតែបានទៅបំពេញទស្សនកិច្ចជាមួយលោក Elon Musk ក្នុងរដ្ឋតិចសាស់។ បុរសទាំងពីរនាក់នេះ បានទៅទស្សនាក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនរបស់ Musk ផលិតគ្រាប់រ៉ុក្កែតនៅ Boca Chica កាលពីថ្ងៃទី១៤ ឧសភា។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានអញ្ជើញ Musk ទៅទស្សនាប្រទេសអាស៊ីអាគ្នេយ៍ដែលសម្បូរទៅដោយធនធានធម្មជាតិផងដែរ​ ហើយមហាសេដ្ឋីរូបនេះបានឆ្លើយតបថា សង្ឃឹមថាអាចទៅទីនោះក្នុងខែវិច្ឆិកា។

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ របស់​គណៈប្រតិភូ​ឥណ្ឌូណេស៊ី​ទៅ​កាន់​ទីក្រុង Austin ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង​ ហើយនេះបង្ហាញថាការពិភាក្សារវាង Musk និងឥណ្ឌូនេស៊ីគឺរលូនល្អ និងលឿន។ មិនតែប៉ុណ្ណោះតាមសេចក្តីរាយការណ៍ Tesla និងឥណ្ឌូណេស៊ី បានពិភាក្សាគ្នាតាំងពីឆ្នាំ២០២០ មកម្ល៉េះ អំពីថាតើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាចវិនិយោគលើនីកែលក្នុងប្រទេស និងសាងសង់រោងចក្រថាមពលថ្មពេញលេញដែរឬទេ?

ជាងនេះទៅទៀតនោះ ក្រៅពីក្រុមហ៊ុន Tesla ប្រទេសឥណ្ឌូនេស៊ីក៏អាចក្លាយជាទីតាំងរបស់ SpaceX ថ្មីមួយផងដែរ។ យោងតាម ​​BBC ប្រទេសនេះបានផ្តល់ឱ្យកោះមួយរបស់ខ្លួននៅ West Papua ជាកន្លែងបាញ់បង្ហោះដ៏មានសក្តានុពលសម្រាប់គម្រោង Space X ដែលមានបំណងដាក់មនុស្សនៅលើឋានព្រះច័ន្ទ។ យ៉ាងណាមិញប្រសិនបើមានកិច្ចព្រមព្រៀងរវាងប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន Tesla និង SpaceX មែន ពួកគេអាចត្រូវបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ពីព្រោះប្រទេសនេះនឹងរៀបចំកិច្ចប្រជុំកំពូល B20 ជាមួយមេដឹកនាំធុរកិច្ចនៅពាក់កណ្តាលខែវិច្ឆិកា មុនពេល G20។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Tesla ផលិតរថយន្តចំនួន ៤ រួមមាន៖ Austin, Fremont, Berlin និង Shanghai ដែលអាចឱ្យ Tesla ផលិតរថយន្តបានយ៉ាងហោចណាស់ ១.៥ លានគ្រឿងក្នុងឆ្នាំ២០២២។ ប៉ុន្តែក្រុមហ៊ុន​​ចង់​អាច​ផលិត​រថយន្ត​បាន​ចំនួន ២០ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំៗ​ ក្នុង​ឆ្នាំ​ខាង​មុខ​នេះ ទើបគ្រោង​នឹង​បង្កើត​រោងចក្រ​ថ្មី ហើយក៏ចង់ធានាការផ្គត់ផ្គង់វត្ថុធាតុដើមរបស់ខ្លួនផងដែរ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់កំពុងត្រូវបានរំខាន៕

អត្ថបទ៖ លីនី
ប្រភព៖ thestreet