ឆ្លាតមែន! បុរសវ័យ ៤៩ឆ្នាំ ខ្ចីដៃ Amazon និង Google បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន​តម្លៃដល់ទៅ ១.៥ពាន់លានដុល្លារ
អាជីវកម្ម May 16, 2022 Khmernote

លោក Faisal Masud គឺជានាយកប្រតិបត្តិក្រុមហ៊ុន Fabric ដែលជាក្រុមហ៊ុន start-up លើវិស័យអេឡិចត្រូនិក មានមូលដ្ឋាននៅទីក្រុង Seattle។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុង២០១៦ ហើយបច្ចុប្បន្នមានតម្លៃដល់ទៅ ១.៥ពាន់លានដុល្លារ ក្រោមការដឹកនាំរបស់ Faisal Masud ដែលបានអនុវត្តការរៀនសូត្រពីក្រុមហ៊ុនធំៗដូចជា Amazon និង Google ជាដើម។

យោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា លោក Masud បានចំណាយពេលជាង ២ទសវត្សធ្វើការតាំងពីឋានៈតូចទាប រហូតឡើងជានាយកប្រតិបត្តិនៅក្រុមហ៊ុនលំដាប់ៗដូចជា៖ Amazon, Google, eBay និង Staples ។ ក្នុងអំឡុងពេលធ្វើការនៅតាមបណ្ដាក្រុមហ៊ុនទាំងនោះ លោកបានរៀនសូត្រពីបរិបទការងារ ក៏ដូចជារបៀបនៃការគ្រប់គ្រងក្រុមហ៊ុនបានច្រើន ជាពិសេសអ្វីដែលអ្នកដឹកនាំត្រូវការដើម្បីធ្វើឱ្យក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លាររីកចម្រើនដូចជា ការគ្រប់គ្រង,ការលើកទឹកចិត្ត និងការសម្លឹងមើលទៅអនាគត។

ការធ្វើការជាមួយស្ថាបនិកអាជីវកម្មដែលមានកេរ្តិ៍ឈ្មោះល្បីៗដូចជា Bezos និង Sergey Brin របស់ក្រុមហ៊ុន Google ក៏បានបង្រៀន លោក Masud ពីតម្លៃនៃការគិតរយៈពេលវែង ហើយបន្តផ្តោតលើតែផ្នែកស្នូលដែលក្រុមហ៊ុនរបស់មនុស្សពូកែៗតែងធ្វើ។ ដូច្នេះហើយទើបគាត់ស្ពាយចំណេះជំនាញ រួមទាំងបទពិសោធន៍ពីក្រុមហ៊ុននីមួយៗ មកបង្កើតជាក្រុមហ៊ុនផ្ទាល់ខ្លួនបានយ៉ាងជោគជ័យមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc