ក្រុមហ៊ុន Tesla ដូចយីអ៊ុនដាក់ណាស់ ទើបតែខាតលុយរាប់ពាន់លានដុល្លារ និងប្រមូលរថយន្តចូលវិញរាប់ម៉ឺនគ្រឿង ឥឡូវមកត្រូវផ្អាករោងចក្រផលិតនៅសៀហៃទៀត
អាជីវកម្ម May 10, 2022 Khmernote

ក្រុមហ៊ុ​ន​ Tesla Inc បានផ្អាកការផលិតនៅរោងចក្ររបស់ខ្លួននៅសៀងហៃ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះ ដោយសារតែ​បញ្ហាពាក់ព័ន្ធនឹងការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ ការផ្អាកនេះ បានកើតឡើងក្រោយពីក្រុមហ៊ុនបានបើកដំណើរការផលិតឡើងវិញបានតែ ៣សប្ដាហ៍ប៉ុណ្ណោះ ដែលកាលនោះត្រូវបិទទ្វារដោយសារជំងឺកូវីដ-១៩ អស់រយៈពេល ២២ថ្ងៃ។

តាមប្រភពដែលដឹងច្បាស់ពីបញ្ហានេះ បានឱ្យដឹងថាក្រុមហ៊ុនផលិតខ្សែដែក Aptiv ស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ Tesla ដែលកំពុងប្រឈមនឹងបញ្ហា ដោយត្រូវបញ្ឈប់ការដឹកជញ្ជូនការផ្គត់ផ្គង់ពីរោងចក្រដែលផ្គត់ផ្គង់ដល់ Tesla និង General Motors បន្ទាប់ពីរកឃើញបុគ្គលិករបស់ខ្លួនឆ្លងជំងឺកូវីដ-១៩។

ការរំខានដល់រោងចក្ររបស់ក្រុមហ៊ុន Tesla នៅសៀងហៃ គឺជាផលវិបាកដ៏ខ្ពស់បំផុតមួយនៃវិធានការរបស់ប្រទេសចិនក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ដ៏ធំបំផុតរបស់ខ្លួន ដែលបានកាត់បន្ថយការប្រើប្រាស់ រួមទាំងការលក់រថយន្តផងដែរ។ យ៉ាងណាមិញ ចំពោះបញ្ហានេះ វាមិនច្បាស់ទេថានៅពេលណាដែលបញ្ហាផ្គត់ផ្គង់អាចត្រូវបានដោះស្រាយ ហើយនៅពេលណាដែលក្រុមហ៊ុន Tesla អាចបន្តការផលិតឡើងវិញនោះឡើយ ខណៈមកទល់ពេលនេះក្រុងសៀងហៃស្ថិតក្នុងសប្ដាហ៍ទី៦ ហើយនៃការចាក់សោរបិទក្រុង។ ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​សុំអត្ថាធិប្បាយ​នោះដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia