យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានចេញផ្សាយថា ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holding Limited បានបាត់បង់តម្លៃទីផ្សាររាប់ពាន់លានដុល្លារក្នុងរយៈពេលតែប៉ុន្មាននាទី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV News បានរាយការណ៍ថា បុរសម្នាក់ដែលមាននាមត្រកូល Ma ត្រូវបានឃុំខ្លួនកាលពីខែមុន ដោយចោទប្រកាន់ពីបទបានឃុបឃិតជាមួយអង្គការប្រឆាំងរដ្ឋាភិបាលក្រៅប្រទេស និងបទញុះញង់ឲ្យមានអបគមន៍។
នៅពេលបានឮពីព័ត៌មាននេះ វិនិយោគិនជាច្រើនបានលក់ភាគហ៊ុនរបស់ពួកគេនៅ Alibaba កាលពីថ្ងៃអង្គារ បន្ទាប់ពី CCTV News បានចេញផ្សាយរបាយការណ៍ព័ត៌មានមិនច្បាស់លាស់ អំពីការចាប់ខ្លួនបុរសម្នាក់ដែលមានឈ្មោះ Ma នេះនៅទីក្រុង Hangzhou ខេត្ត Zhejiang ដែលជាមូលដ្ឋានរបស់ Alibaba ។ ហើយព័ត៌មានមិនច្បាស់លាស់នេះ បានធ្វើឱ្យក្រុមហ៊ុន Alibaba ខាតបង់ថវិកាប្រមាណ 26.5 ពាន់លានដុល្លារ។
យ៉ាងណាមិញ Global Times ដែលជាកាសែតភាសាអង់គ្លេសមួយរបស់ប្រទេសចិន បានចេញផ្សាយថា បុរសឈ្មោះ Ma ដែលត្រូវបានគេចាប់ខ្លួននោះ មានអាយុ ៣៧ឆ្នាំ ធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយ នៅ Wenzhou ខេត្ត Zhejiang។ បុរសរូបនេះ កើតនៅឆ្នាំ១៩៨៥ ខណៈលោក Jack Ma ស្ថាបនិក Alibaba កើតនៅទីក្រុង Hangzhou ក្នុងឆ្នាំ ១៩៦៤។
សារព័ត៌មានដដែលក៏បានអះអាងថា បុរសដែលត្រូវបានចាប់ខ្លួនកលាពីថ្ងៃទី២៥ ខែមេសា ឈ្មោះពេញមាន ៣តួអក្សរ មិនមែនមាន ២តួអក្សរដូចទៅនឹងការផ្សាយរបស់ CCTV News ឡើយ ខណៈឈ្មោះចិនរបស់លោក Jack Ma គឺ Ma Yun។ ទោះជាយ៉ាងណាក្ដី លោក Jack Ma ដែលបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ក្នុងឆ្នាំ២០១៩ មិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយអំពីព័ត៌មាននេះនៅឡើយទេ៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo