យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក លន សាវុធ ជាកសិករមួយរូបក្នុងខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែស្លឹកជាច្រើនប្រភេទលក់ទៅកាន់ទីផ្សារ និងអាចធ្វើឱ្យជីវភាពគ្រួសារលោកល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការដាំបន្លែសុវត្ថិភាពមិនប៉ះពាល់សុខភាពអ្នកទទួលទាន។
លោក លន សាវុធ អាយុ៦០ ឆ្នាំ ជាកសិកររស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរកសិកម្ម រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែប្រមាណជាង ៤ឆ្នាំមកនេះ លោកសម្រេចចិត្តសាងសង់រោងសំណាញ់ ដើម្បីប្រកបការងារដាំដុះដំណាំកសិកម្ម ឱ្យមានភាពងាយស្រួល។
លោកបន្តថា បច្ចុប្បន្នលោកមានរោងសំណាញ់ចំនួន ៤ខ្នង ដែលបានសាងសង់ដោយខ្លួនឯងចំនួន២ខ្នង និង២ខ្នងទៀត ជាជំនួយរបស់គម្រោងដៃគូ និងគម្រោងអាស្ប៉ាយខេត្តសៀមរាប ដែលអាចជួយឱ្យលោកអាចដាំដុះបន្លែប្រភេទស្លឹកដូចជា សាលាដ៍ស្រួយ ស្ពៃតឿ ស្ពៃក្រញាញ់ និងបន្លែជាច្រើនមុខទៀតបានគ្រប់រដូវកាល ងាយស្រួលដាំដុះ និងថែទាំ។
លោកបន្តថា ក្រោយពេលទទួលបានរោងសំណាញ់ការងារដាំដុះត្រូវបង្កើនជាងមុន ដោយមុនពេលវិបត្តិជំងឺកូវីដ-១៩ ក្នុងមួយខែលោកអាចរកប្រាក់ចំណូលបាន ចាប់ពី៦ ទៅ៧លានរៀល និងបច្ចុប្បន្នអាចទទួលបានប្រមាណ ១០ម៉ឺនរៀលក្នុងថ្ងៃ ដើម្បីផ្គត់ផ្គង់ការចាយវាយក្នុងគ្រួសារ និងការសិក្សារបស់កូនៗធ្វើឱ្យគ្រួសារលោកមានជីវភាពល្អប្រសើរជាងមុន។
លោកបានបន្ថែមថា បច្ចេកទេសវាមិនទំនើបណាស់ណាទេ គ្រាន់តែយើងមានរោងសំណាញ់ទៅយើងដាំបច្ចេកទេសដែលមន្ទីរគាត់ផ្តល់ជូន មិនប៉ះពាល់ដល់អ្នកប្រើប្រាស់ រកអាជីវកម្មតែមួយមុខបើយើងមិនត្រៀម សម្រាប់ធ្វើទេវាអត់ស្រួលទេ ដើម្បីរកចំណូលចំណាយទៅលើកូនរៀន យើងអត់មុខរបរអីយើងរកតែមួយមុខហ្នឹង ធ្វើស្រែបន្ទាប់បន្សំដែរ បើគិតទៅវាប្រសើរ ខ្ញុំតាំងពីអត់មានអីសោះ កូនច្រើន កូនខ្ញុំ ៦នាក់វារៀនទាំងអស់ យើងរកលុយឱ្យកូនរៀនបើមិនធ្វើកសិកម្មទេ អត់បានចំណូលទេ យើងថាប្រសើរខ្លាំងក៏មិនដែរ គ្រាន់តែទប់ទល់ដើម្បីកូនរៀន ចាយវាយយើងផង កុំបានកសិកម្មនេះកុំអីលំបាក ដូចខ្ញុំធ្វើនេះមុន ដំបូងយើងអត់ទាន់មានលុយទេ កូនរៀនផង យើងក៏ខ្ចីធនាគារយកមកធ្វើ អ្នកស្រុកគេថាយើងធ្វើអ៊ីចេះដូចយកលុយមកចាក់ចោល នៅលើដីយកលុយទាំងម៉ឺនមកធ្វើអ៊ីចេះ គេគិតផ្សេងពីខ្ញុំ។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២០ កសិករឈ្មោះ លន សាវុធ រស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក លន សាវុធ អ្នកដាំបន្លែជាយូរឆ្នាំមកម៉្លេះ ហើយបានចាប់ផ្តើមការដាំបន្លែសុវត្តិភាព ក្នុងផ្ទះសំណាញ់ចាប់ពីដើមឆ្នាំ ២០១៩។ គាត់ជាកសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្តិភាពភូមិគោកដូង នៃកម្មវិធី ASPIRE និងបានទទួលផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន០១ខ្នង ទំហំ១០ម៉ែត្រ x៣៦ម៉ែត្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទសកសិកម្មថ្មីដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០១៩ និងបានសាងសង់ដោយថវិកាផ្ទាល់ខ្លួនចំនួន ៣ខ្នងទៀត។ លើផ្ទៃដីប្រមាណ ៥០០០ម៉ែត្រការ៉េ គាត់ដាំភាគច្រើនជាប្រភេទបន្លែស្លឹក មានដូចជា៖ ប្រភេទសាលាដ៍ ស្ពៃចង្គឺះ ស្ពៃក្រញាញ់ ស្ពៃជើងទា ខាត់ណាដើម ខ្ទឹមស្លឹក..។ល។ សម្រាប់ផ្គត់ផ្គង់នៅផ្សារទំនើប ផ្សារបន្លែសុវត្តិភាពចុងសប្តាហ៍ នៅក្នុងក្រុងសៀមរាប៕







ប្រភព៖ ក្រសួងព័ត៌មាន


