ក្រុមហ៊ុន Twitter ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាឡើងវិញនូវការដេញថ្លៃរបស់លោក Elon Musk ដើម្បីទិញវេទិកាសង្គមមួយនេះ បន្ទាប់ពីនាយកប្រតិបត្តិ Tesla បានបញ្ជាក់ពីការផ្តល់ឱ្យជាថ្មីក្នុងតម្លៃ ៤៦.៥ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍ពីកាសែត Wall Street Journal។
ប្រភពជិតស្និទ្ធបានប្រាប់កាសែត The Journal ថា មន្ត្រី Twitter កំពុងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលតម្លៃដែលផ្ដល់ឱ្យរបស់ Musk ឡើងវិញ ហើយអាចទទួលយកបានច្រើនក្នុងការចរចាជាមួយមហាសេដ្ឋីរូបនេះ បន្ទាប់ពីព្យាយាមរារាំងការទិញរបស់គាត់កាលពីលើកដំបូង ដោយកាលពីសប្តាហ៍មុនបានប្រឆាំងនឹង Musk ដោយប្រើផែនការសិទ្ធិម្ចាស់ភាគហ៊ុន ឬ “poison pill” ដែលជាច្បាប់ថ្មីចេញដោយក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ Twitter។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរដ៏លឿនបែបនេះ កើតឡើងបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបញ្ជាក់ពីការផ្តល់ឱ្យនូវតម្លៃថ្មីចំនួន ៤៦.៥ ពាន់លានដុល្លារ ដោយបង្ហាញនៅក្នុងឯកសារបទប្បញ្ញត្តិកាលពីដើមសប្តាហ៍នេះថា គាត់ត្រូវបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងផ្តល់មូលនិធិពីធនាគារ និងអង្គភាពផ្សេងទៀត។
ជាមួយគ្នានេះដែរ Musk និង Twitter បានស្ថិតក្នុងការដណ្ដើមគ្នាដើម្បីគ្រប់គ្រង ចាប់តាំងពីនាយកប្រតិបត្តិ Tesla បានត្រលប់មកកាន់កាប់តំណែងរបស់គាត់ឡើងវិញ ដែលតែងតាំងពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកាលពីដើមខែនេះ បន្ទាប់ពីបានប្រកាសថាគាត់បានទទួលភាគហ៊ុន ៩% នៅក្នុងវេទិកាសង្គម ហើយប៉ុន្មានថ្ងៃក្រោយមក Musk បានធ្វើការដេញថ្លៃទិញ Twitter ទាំងស្រុងក្នុងតម្លៃ ៥៤.២០ដុល្លារ ក្នុងមួយហ៊ុន ឬ ៤៣ពាន់លានដុល្លារ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


