ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla កំពុងធ្វើការលើ “robotaxi” រថយន្តដែលនឹងមិនមានចង្កូត ឬឈ្នាន់ ហើយកំពុងកំណត់គោលដៅក្នុងការផលិតរថយន្តនេះនៅឆ្នាំ២០២៤។ មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបានចែករំលែកព័ត៌មានលម្អិតពី “robotaxi” ក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលត្រីមាសទី១ របស់ក្រុមហ៊ុនកាលពីថ្ងៃពុធ។
Musk បាននិយាយថា៖ “robotaxi ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីសម្រេចបាននូវតម្លៃដ៏ទាបបំផុត ដែលត្រូវបានគិតគូរចាប់ពី ការចំណាយក្នុងមួយម៉ាយល៍ ឬ ក្នុងមួយគីឡូម៉ែត្រ និយាយទៅគិតគ្រប់យ៉ាង។ ខ្ញុំគិតថាវានឹងក្លាយជាកត្តាជំរុញដ៏ធំមួយនៃការរីកចម្រើនរបស់ Tesla”។
មហាសេដ្ឋីរូបនេះ បានបន្ថែមថា រថយន្តនេះនឹងមិនមានចង្កូត ឬឈ្នាន់ទេ ព្រោះវាត្រូវបាន “ធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ស្វ័យភាព”។ ទោះជាយ៉ាងណាក្ដី នៅពេលត្រូវបានសួរសម្រាប់ព័ត៌មានលម្អិតបន្ថែមពី “robotaxi” ក្នុងអំឡុងពេលប្រកាសប្រាក់ចំណូល លោក Musk បាននិយាយថា ក្រុមហ៊ុន Tesla អាចនឹងមានបំណងរៀបចំព្រឹត្តិការណ៍មួយនៅឆ្នាំក្រោយដើម្បីស្វែងយល់លម្អិតបន្ថែមទៀត ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម៕



អត្ថបទ៖ លីនី
ប្រភព៖ businessinsider


