ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ បានផលិតរបស់ក្មេងលេងដាក់លក់ ដើម្បីជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន។ “Comomg” នៅទីក្រុង Kawaguchi គឺជារោងចក្រផលិតឧបករណ៍ក្មេងលេង ធ្វើពីឈើ និងធ្វើសម្រាប់ទារក។ រោងចក្របានចាប់ផ្ដើមផលិតរបស់ក្មេងលេងជារូបផ្សិតដែលមានឌីហ្សាញពណ៌ខៀវ និងលឿង ដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។
នៅដើមខែមីនា រោងចក្របានចាប់ផ្តើមលក់របស់ក្មេងលេងក្នុងតម្លៃ ១,៨០០ យ៉េន ឬប្រហែល ១៥ដុល្លារ ហើយបានបរិច្ចាគពាក់កណ្តាលនៃប្រាក់ចំណេញដល់អង្គការអន្តរជាតិ Save the Children ។ រោងចក្រនិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានលក់បានប្រហែល ៨៤០ គ្រឿង ហើយបានបរិច្ចាគប្រហែល ៦ ពាន់ដុល្លាររួចមកហើយ។
បុរសម្នាក់ក្នុងវ័យ ២០ឆ្នាំបានទិញរបស់លេងមួយសម្រាប់កូនប្រុសអាយុមួយឆ្នាំរបស់គាត់ ដោយគាត់បាននិយាយថា គាត់ទិញវាព្រោះការទិញនេះ បានជួយដល់កុមារអ៊ុយក្រែន។ គាត់បានបន្ថែមថា គាត់ចង់ប្រាប់កូនប្រុសរបស់គាត់នៅពេលក្រោយអំពីសារៈសំខាន់នៃសន្តិភាពនិងសេចក្តីសប្បុរស។
ប្រធានរោងចក្រលោក Komatsu Kazuto និយាយថា មនុស្សមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគាំទ្រអ៊ុយក្រែន។ គាត់ក៏បាននិយាយផងដែរថា នៅពេលដែលមនុស្សឃើញក្មេងៗលេងជាមួយតុក្កតា គាត់ចង់ឱ្យពួកគេគិតអំពីជនជាតិអ៊ុយក្រែនដែលត្រូវបានបាត់បង់ជីវិតប្រចាំថ្ងៃធម្មតារបស់ពួកគេ៕




អត្ថបទ៖ លីនី
ប្រភព៖ nhk


