ខណៈពេលដែលប្រទេស និងក្រុមហ៊ុនជាច្រើនចាប់ផ្ដើមបង្វែរមករកការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ក្រុមហ៊ុន Honda Motor និង General Motors ប្រកាសចាប់ដៃគ្នាបង្កើតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បាននិយាយថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន General Motors ដើម្បីបង្កើតស៊េរីរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។
ក្រុមហ៊ុន Honda បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន GM ដោយមានគោលបំណងបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីនៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ២០២៧ ដោយចាប់ផ្តើមនៅអាមេរិកខាងជើង។ ជាមួយគ្នានេះ រថយន្តអគ្គិសនី នឹងត្រូវបានសាងសង់ឡើងនៅក្នុងក្រុមហ៊ុន Honda ឬ GM ហើយអាចចេញលក់បានរាប់លានគ្រឿង កាត់បន្ថយការចំណាយ ជាមួយនឹងតម្លៃសមរម្យ។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Mibe Toshihiro បាននិយាយថា “Honda និង GM នឹងបង្កើតកិច្ចសហការផ្នែកបច្ចេកវិទ្យាដ៏ជោគជ័យរបស់យើង ដើម្បីជួយសម្រេចបាននូវការពង្រីកយ៉ាងខ្លាំងក្នុងការលក់រថយន្តអគ្គិសនី”។ ក្រុមហ៊ុនក៏នឹងស្វែងរកកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាថ្មទំនើបផងដែរ ដោយរថយន្តអគ្គិនី នឹងត្រូវបានបំពាក់ដោយថ្មដែលបង្កើតឡើងដោយក្រុមហ៊ុន GM ។ គួរបញ្ជាក់ថា កាលពីខែមុន ក្រុមហ៊ុន Honda បានប្រកាសថា ខ្លួននឹងសហការលើរថយន្ត EV ជាមួយ Sony Group ប៉ុន្តែមកទល់ពេលនេះត្រូវបានផ្លាស់ប្ដូរ៕




អត្ថបទ៖ លីនី
ប្រភព៖ nhk


