យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ហាងមួយកន្លែង ក្នុងក្រុងសៀមរាប ឈ្មោះសមធម៌ ក្រៅពីលក់ផលិតផលដែលត្បាញចេញពីសរសៃសូត្រ និងសរសៃឈូក បានខិតខំអភិវឌ្ឍន៍ស្នាដៃថ្មីៗ ដោយបានយកផ្លែឈើដូចជា ផ្លែស្វាយ ចេក និងម្នាស់ រួមជាមួយវត្ថុធាតុដើម មួយចំនួនទៀត មកផលិតជាកាបូប និងស្បែកជើង សម្រាប់លក់ជូនអតិថិជន។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! អ្នកស្រី ជីម សាវិន អ្នកចាត់ការទូទៅក្នុងហាងសមធម៌ បានឱ្យដឹងថា ហាងសមធម៌ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៩មក បច្ចុប្បន្នហាងមួយកន្លែងនេះមានកែច្នៃផលិតផល ចេញពីសរសៃសូត្រ សរសៃឈូក មកជាក្រណាត់សូត្រធម្មជាតិយ៉ាងស្រស់ស្អាត និងថ្មីៗនេះ បានកែច្នៃប្រភេទផ្លែឈើរួមជាមួយវត្ថុធាតុដើមមួយចំនួនទៀតដូចជា ផ្លែស្វាយ ម្នាស់ ដើមនិងផ្លែចេក មកជាផលិតផល សម្រាប់ប្រើប្រាស់ ដូចជា កាបូបជាច្រើនម៉ូត និងស្បែកជើងជាដើម។
អ្នកស្រីបន្តថា ដើម្បីចូលរួមចំណែកផ្តល់ឱកាសការងារសម្រាប់ស្ត្រីរស់នៅជុំវិញនោះ ឱ្យទទួលបានប្រាក់កម្រៃ មកផ្គត់ផ្គង់ជីវភាព គ្រួសារ និងដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ពីការប្រើប្រាស់ផលិតផលមួយចំនួនដែលមានសារធាតុគីមី បង្កផលប៉ះពាល់ សុខភាព ទើបហាងអ្នកស្រីបានបង្កើតផលិតផល ពីធម្មជាតិបែបនេះឡើង ដែលផលិតផលទាំងនេះមានគុណភាពល្អ មិនប៉ះពាល់ សុខភាព ថែមទាំងមានគុណប្រយោជន៍ជាច្រើន សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់ថែមទៀតផង។ យើងធ្វើផលិតផលថ្មី ចង់ធ្វើកាបូបស្បែកធម្មជាតិមួយរយភាគរយ ដែលអត់ប្រើគីមី សំខាន់គាត់អត់ចង់ឱ្យមាន ការសម្លាប់សត្វ យើងធ្វើអាហ្នឹងអាចធ្វើកាបូបក៏បានស្បែកជើងក៏បាន ហើយកាបូបយើងអាចច្នៃម៉ូតផ្សេងៗ ស្អាតៗច្រើន អាហ្នឹងយើងគ្រាន់តែយកដើមចេក ដើមឈូក ដែលយើងហូតសរសៃហើយចោល យកមកកិនវា លាយជាមួយម្សៅពោត យើងយកមកធ្វើបានប៉ុណ្ណឹង ហើយយើងអាចធ្វើជាផ្លែឈើ ដូចជាផ្លែស្វាយ ផ្លែម្នាស់ដែលគេចោលខូចៗហ្នឹង យកមកកិនមក អាចធ្វើបានដូចគ្នាដែរ ច្នៃដោយដៃផ្ទាល់ ភ្ញៀវអាចកម្មង់បាន បើនិយាយពីគុណភាពរបស់កាបូប អត់ប្រើគីមី គឺល្អមួយរយភាគរយ ធ្វើធម្មជាតិអត់ប៉ះពាល់សុខភាព តាមម៉ូតដែរម៉ូតពិបាកឬអត់ពិបាក បើធម្មតាអាចលក់បានពី ១០ដុល្លារទៅ២០ដុល្លារ។
សូមជម្រាបផងដែរថា ហាងសមធម៌ មានទីតាំងស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បច្ចុប្បន្នហាងមួយនេះ មានលក់ផលិតផលក្រណាត់ធម្មជាតិ ដែលត្បាញចេញមកពីសរសៃសូត្រ សរសៃឈូក ជាក្រណាត់យ៉ាងស្រស់ស្អាត និងបានកែច្នៃ ប្រភេទផ្លែឈើ រួមជាមួយវត្ថុធាតុដើមមួយចំនួន ដូចជា ផ្លែស្វាយ ម្នាស់ ដើមនិងផ្លែចេក មកជាផលិតផលសម្រាប់ប្រើប្រាស់ដូចជា កាបូប និងស្បែកជើងជាដើម សម្រាប់លក់ជូនអតិថិជន៕






ប្រភព៖ ក្រសួងព័ត៌មាន


