ក្រុមហ៊ុនយក្សអាមេរិក Amazon នឹងសាងសង់​មជ្ឈមណ្ឌល​ទិន្នន័យតម្លៃរាប់ពាន់លានដុល្លារក្នុងប្រទេសវៀតណាម និងថៃ រួមទាំងប្រទេស ៤ទៀត
អាជីវកម្ម March 28, 2022 Khmernote

ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងនឹង​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ ​Amazon Web Services (AWS) តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​វៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnaminsider។ Amazon បានប្រកាសថា ខ្លួននឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ចំនួន ១០នៅក្នុងប្រទេសចំនួន ៦រួមមាន អូស្ត្រាលី ឥណ្ឌា នូវែលសេឡង់ ហ្វីលីពីន ថៃ និងវៀតណាម។

នៅក្នុងបទសម្ភាសន៍ជាមួយ Nikkei លោក Phil Davis នាយកប្រចាំតំបន់របស់ (AWS) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន បាននិយាយថា ក្រុមហ៊ុនរបស់គាត់បានទទួលឱកាសថ្មីមួយនោះគឺ៖ “យើងកំពុងឃើញប្រទេសជាច្រើន និងប្រទេសតូចៗប្រហែលជាមិនត្រូវការមជ្ឈមណ្ឌលទិន្នន័យមេតាទេ គឺពួកគេត្រូវការមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់បន្ថែមទៀត”។

គួរឱ្យដឹងថា Amazon Web Services (AWS) ផ្តល់ជូនអតិថិជននូវដំណោះស្រាយឌីជីថលយ៉ាងទូលំទូលាយ ដូចជាការផ្ទុកទិន្នន័យ និងការដំណើរការជាដើម។ ដូចដៃគូប្រកួតប្រជែងសំខាន់ៗរបស់ខ្លួនដែរក្នុងនោះរួមមាន – Microsoft និង Google ឬ Alibaba Group Holding និង Tencent – Amazon Web Services (AWS) កំពុងប្រកួតប្រជែងដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំដែលមានតម្លៃរាប់ពាន់លានដុល្លារនៅអាស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider