ល្អមែនទែន! យុវជនខ្មែរមួយរូប ច្នៃម៉ាស៊ីនផលិតឥដ្ឋបរិស្ថានខ្នាតតូចដោយខ្លួនឯងបានជោគជ័យ សម្រាប់ផ្គត់ផ្គង់ទីផ្សារឥដ្ឋនៅក្នុងវិស័យសំណង់នៅកម្ពុជា
អាជីវកម្ម March 22, 2022 Khmernote

យុវជនខ្មែរមួយរូបក្នុងរាជធានីភ្នំពេញមានគំនិតច្នៃប្រឌិតផលិតម៉ាស៊ីនផលិតឥដ្ឋបរិស្ថានខ្នាតតូចដោយខ្លួនឯងផ្ទាល់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋមានការពេញនិយមទាក់ទងនឹងការ ផលិតឥដ្ឋស៊ីម៉ងត៍ ឬឥដ្ឋបរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់។

លោក ម៉ី វាសនា ជាស្ថាបនិកកែច្នៃផលិតម៉ាស៊ីនផលិតឥដ្ឋបរិស្ថានខ្នាតតូច ស្ថិតនៅ ភូមិដើមអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមធ្វើការកែច្នៃម៉ាស៊ីនផលិតឥដ្ឋនេះអស់រយៈពេល ៤ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឥដ្ឋបរិស្ថាន។

លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការដំឡើងម៉ាស៊ីននេះ គឺលោកបានសិក្សាតាមប្រព័ន្ធ អ៉ីនធើណិតផង និងបានពិភាក្សាជាមួយអ្នកជំនាញផ្សេងទៀតដែលធ្លាប់នាំចូលម៉ាស៊ីនផលិតឥដ្ឋនេះផងដែរ។ លោកបានបន្ថែមថា សម្រាប់គ្រឿងម៉ាស៊ីនទាំងអស់ដែលត្រូវយកមកដំឡើង គឺមានខ្លះដែលនាំចូលពីប្រទេសជិតខាង និងមួយចំនួនទៀតគឺទិញពីតាមបណ្ដាផ្សារក្នុងរាជធានីភ្នំពេញ។

លោកបានបន្តថា ការដំឡើងម៉ាស៊ីនផលិតឥដ្ឋនេះ គឺវាមានការលំបាកច្រើន ដោយលោកត្រូវចំណាយពេលរហូតទៅដល់ ៤ឆ្នាំ ដើម្បីតម្លើងម៉ាស៊ីនផលិតឥដ្ឋបរិស្ថានខ្នាតតូចនេះ ឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងមានសុវត្ថិភាពសម្រាប់អតិថិជនដែលទិញ យកប្រើប្រាស់ ឬលក់បន្ត។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តផលិតកែច្នៃម៉ាស៊ីនផលិតឥដ្ឋខ្នាតតូចដោយខ្លួនឯងផ្ទាល់ គឺដោយសារលោកយល់ឃើញពីតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងចង់ឱ្យប្រទេសយើងមានការជឿនលឿន ដូចប្រទេសជិតខាង ដែលអាចផលិតកែច្នៃអ្វីដែលជាតម្រូវការក្នុងប្រទេស ជាជាងនាំចូលពីប្រទេសគេ ជាពិសេសគឺបានជួយលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងប្រទេសយើងបានថែមទៀតផង។

សំឡេង៖ មូលហេតុដែលខ្ញុំផលិតម៉ាស៊ីននេះឡើង ទី១ គឺតម្រូវការនៅក្នុងប្រទេសមានការពេញនិយម ទាក់ទងនឹងការផលិតឥដ្ឋ និងការតម្លើងឥដ្ឋ ហើយទី២ គឺការចំណាយជារៀងរាល់ខែយើងតែងតែផ្ញើលុយទៅប្រទេសគេ គឺដើម្បីបញ្ជាទិញម៉ាស៊ីនពីប្រទេសគេយកមកលក់នៅក្នុងស្រុក ហើយអ្វីដែលយើងទទូលបានគឺភាគរយតែបន្តិចទេ តែបើសិនជាយើងដំឡើងនៅប្រទេសយើងវិញ អ៊ីចឹងលុយដែលយើងលក់បានចំណេញ ឱ្យទៅលើថ្លៃពលកម្ម បុគ្គលិក កម្មករ ដែលគាត់ជាជាង ហើយ១ទៀត គឺលុយនឹងវាវិលនៅក្នុងស្រុក ធ្វើឱ្យសេដ្ឋកិច្ចយើងមានការកើនឡើងផងដែរ។

លោកអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរ ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជាការ លើកទឹកចិត្តដល់ស្ថាបនិកខ្មែរដទៃទៀត ឱ្យចូលរូមផលិតបន្ថែមទៀត ហើយសូមកុំយល់ច្រលំថាជាផលិតផល ឬក៏ជាការ កែច្នៃរបស់ប្រទេសគេ ដោយសារតែបច្ចុប្បនេះស្ថាបនិកកូនខ្មែរម្នាក់ៗ មានគំនិតច្នៃប្រឌិតខ្ពស់ អាចផលិតបានជាច្រើនមុខ ដែលត្រូវតាមស្តង់ដារបច្ចេកទេស ឱ្យមានគុណភាពល្អ និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា លោក ម៉ី វាសនា បានជោគជ័យលើការ ផលិតកែច្នៃម៉ាស៊ីនផលិតឥដ្ឋបរិសា្ថននេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលម៉ាស៊ីននេះអាចផលិតបានឥដ្ឋខ្នាត ៤ដុំ និង៧ដុំ ដែលមានទំហំ ៨សង់ទីម៉ែត្រ ប្រវែង៣ ម៉ែត្រ៨តឹក និងកម្ពស់១៨ សង់ទីម៉ែត្រ ខណៈ តម្លៃរបស់ម៉ាស៊ីនគឺចាប់ពី១៤០០ដុល្លារ រហូតដល់ ២០០០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន