ក្រុមហ៊ុន Meta បានខាតបង់ប្រាក់ចំណូលជិត ២ពាន់លានដុល្លារ បន្ទាប់ពីរុស្ស៊ីបានបិទមិនឱ្យប្រើប្រាស់បណ្ដាញ Instagram និង Facebook នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន forbes កាលពីពេលថ្មីៗនេះ។ វិមានក្រឹមឡាំងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់កម្រិតលើ Instagram បន្ទាប់ពីបិទ Facebook កាលពីពេលថ្មីៗនេះ នៅក្នុងជម្លោះរវាងលោក ពូទីន និង Meta បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
រុស្ស៊ីក៏បាននិយាយដែរថា ខ្លួននឹងចាត់ទុក Meta ជាផ្លូវការថាជា «អង្គភាពជ្រុលនិយម» ដោយនេះធ្វើតាមការសម្រេចចិត្តរបស់ Meta ដែលដាក់ស្លាកសញ្ញាព្រមានដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីនៅលើ Instagram និងបានធ្វើពីមុននៅលើ Facebook – និងការផ្លាស់ប្តូរបន្ថែមដោយបណ្តាញសង្គមយក្សមួយនេះបានធ្វើទៅកាន់រុស្ស៊ី។
យ៉ាងណាមិញបើតាម ប្រធានផ្នែកហិរញ្ញវត្ថុលោក Dave Wehner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទ Morgan Stanley ថាប្រទេសរុស្ស៊ីមានចំនួន ១.៥% នៃប្រាក់ចំណូលពីផ្សាយពាណិជ្ជកម្មរបស់ Meta ។ កាលពីឆ្នាំមុន Meta ទទួលបានទឹកប្រាក់ចំនួន ១១៤.៩ ពាន់លានដុល្លារក្នុងការលក់ ដោយប្រទេសរុស្ស៊ីមានចំនួន ១.៧ ពាន់លានដុល្លារ ហើយនេះជាការខាតបង់ប្រហែល ៤.៧ លានដុល្លារក្នុងមួយថ្ងៃ
៕


អត្ថបទ៖ លីនី
ប្រភព៖ forbes


