យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ប្រជាជនរុស្ស៊ីបាននឹងកំពុងនាំគ្នាព្យាយាមលក់ អាហារ សម្ភារ របស់របរ រួមទាំងគ្រឿងទេសរបស់យីហោល្បី McDonald’s តាមអ៉ីនធឺណេត។ ប្រជាជនរុស្ស៊ីរាប់រយនាក់បានតម្រង់ជួរនៅហាង McDonald’s ដើម្បីប្រមូលយកសម្ភារ និងរបស់របរជាច្រើនតាមដែលអាចយកបាននៅពេលយីហោនេះបិទហាងរបស់ខ្លួននៅរុស្ស៊ី ហើយឥឡូវបានដាក់លក់នៅលើគេហទំព័រផ្សាយពាណិជ្ជកម្មរុស្ស៊ី Avito។
សារព័ត៌មានដដែលបានឱ្យដឹងថា ប្រជាជនរុស្ស៊ីបានដាក់ សាច់មាន់ ដំឡូងបំពង ឈីស និងសូម្បីតែទឹកជ្រលក់ ដង់ប្លាស្ទិក ទុយោជ័រ ចានជ័រ ថង់ បង្កាន់ដៃ និងរបស់ជាច្រើនទៀត ក្នុងតម្លៃរាប់សិបដុល្លារ។ មិនតែប៉ុណ្ណោះ តម្លៃនៃទំនិញទាំងនោះ ប្រែប្រួលខ្លាំង ខ្លះគឺថ្លៃខ្លាំងមែនទែន ដោយមិនដឹងថាប្រជាជននាំគ្នាលក់ដោយពឹងផ្អែកទៅលើអ្វីនោះទេ។
ភាពច្របូកច្របល់ក្នុងការទិញអាហារ McDonald’s មុនពេលភោជនីយដ្ឋានរុស្ស៊ីរបស់ខ្លួនបិទកាលពីសប្តាហ៍មុន គឺមិនខុសពីការដណ្តើមយក Big Macs និង fries នៅពេលដែលគេហទំព័រ McDonald’s រុស្ស៊ីដំបូងបានបើកនៅឆ្នាំ១៩៩០។ នាពេលនោះមនុស្សជាច្រើនបានចាប់ផ្តើមតម្រង់ជួរនៅខាងក្រៅភោជនីយដ្ឋានក្នុងទីក្រុងម៉ូស្គូនៅម៉ោង ៤ទៀបភ្លឺ ដល់ម៉ោង១០ព្រឹក ស្រាប់តែមានអតិថិជនចាំចូលជិត ៥០០ម៉ែត្រ។
McDonald’s គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលោកខាងលិចជាច្រើន ដែលបញ្ឈប់ ឬផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ នាយកប្រតិបត្តិ Chris Kempczinski បាននិយាយថាវា “មិនអាចទៅរួចទេ” ក្នុងការទស្សន៍ទាយថានៅពេលណាដែលវានឹងបើកភោជនីយដ្ឋានរុស្ស៊ីឡើងវិញ៕



អត្ថបទ៖ លីនី
ប្រភព៖ businessinsider


