មិនទាន់អស់ទេ! ក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ប្រណិតរបស់បារាំងចំនួន ៤ ប្រកាសបិទអាជីវកម្មទាំងអស់នៅរុស្ស៊ី
អាជីវកម្ម March 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតម៉ូដសម្លៀកបំពាក់ប្រណិតរបស់បារាំងចំនួន ៤ បានឈប់ធ្វើអាជីវកម្មជាមួយប្រទេសរុស្ស៊ី និងបានបិទហាងរបស់ពួកគេទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយធ្វើការបរិច្ចាគមួយចំនួនដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។

ម៉ាកយីហោប្រណិតកំពុងចូលរួមក្នុងបញ្ជីអ្នកលក់រាយដែលកំពុងបិទអាជីវកម្មនៅរុស្ស៊ីបណ្ដោះអាសន្នរួមមាន៖ Chanel, Hermès, LVMH និង Kering បន្ទាប់ពីការលុកលុយរបស់ប្រទេសនេះទៅលើអ៊ុយក្រែន។ ក្រុមហ៊ុនម៉ូដសម្លៀកបំពាក់យក្សរបស់បារាំង LVMH, Kering, Hermès និង Chanel បានប្រកាសនៅថ្ងៃសុក្រទី០៤ ខែមីនាថា ពួកគេនឹងបិទហាងនៅក្នុងប្រទេសរុស្ស៊ី ដោយមួយចំនួនក៏បានធ្វើការបរិច្ចាគដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

ជាក់ស្ដែង ម៉ាកប្រណិត Kering ដែលជាម្ចាស់ម៉ាកយីហោប្រណីតរួមទាំង Gucci, Saint Laurent, Bottega Veneta និង Balenciaga កាលពីថ្ងៃសុក្របានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ LinkedIn ថា ខ្លួនកំពុងបិទហាងនៅក្នុងប្រទេសរុស្ស៊ី ហើយម៉ាក LVMH ដែលគ្រប់គ្រងម៉ាកយីហោលំដាប់ខ្ពស់ជាច្រើនរួមមាន Louis Vuitton, Christian Dior, Fendi និង Givenchy មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយ តែក្រុមហ៊ុនបានប្រាប់កាសែត The New York Times កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងបិទហាងជាង១២០ របស់ខ្លួន។

ដូចទៅនឹង Kering ដែរ LVMH ក៏បានប្រកាសថា ខ្លួននឹងធ្វើការបរិច្ចាគជាបន្ទាន់ចំនួនប្រាំលានអឺរ៉ូ (ស្មើនឹង ៥.៤៧ លានដុល្លារអាមេរិក) ដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ ទន្ទឹមនឹងនេះដែរ ម៉ាកទាំង Chanel និង Hermès ក៏បានប្រកាសលើ LinkedIn កាលពីថ្ងៃសុក្រ ពីការបិទហាងរបស់ពួកគេដែរ។

Hermès បានសរសេរនៅលើទំព័រ LinkedIn របស់ខ្លួនថា “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅអឺរ៉ុបនៅពេលនេះ វាមានការសោកស្តាយដែលយើងបានសម្រេចចិត្តបិទហាងរបស់យើងជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងផ្អាកសកម្មភាពពាណិជ្ជកម្មទាំងអស់របស់យើងចាប់ពីល្ងាចថ្ងៃទី០៤ ខែមីនា”។

ដូចគ្នានេះដែរ Chanel បានចែករំលែកនៅលើ LinkedIn ថា ការសម្រេចចិត្តនេះកើតឡើងចំពេលដែល “ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាព” និង “ការកើនឡើងនៃភាពមិនច្បាស់លាស់ក្នុងប្រតិបត្តិការ” ។ Chanel បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ​ថា៖ «យើង​នឹង​លែង​បញ្ជូន​ទៅ​រុស្ស៊ី​ទៀត​ហើយ យើង​នឹង​បិទ​ហាង​របស់​យើង ហើយ​យើង​បាន​ផ្អាក​ពាណិជ្ជកម្ម​តាមអនឡាញ​របស់​យើង​រួច​ហើយ»៕

អត្ថបទ៖ លីនី
ប្រភព៖ scmp