កាន់តែក្ដៅ! រុស្ស៊ីប្រកាសហាមឃាត់ការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស និងតំបន់ ជាការសងសឹកដែលបិទជើងយន្តហោះហើររបស់ខ្លួន
អាជីវកម្ម March 1, 2022 Khmernote

រុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទ (ទី២៨ ខែកុម្ភៈ) ថា ខ្លួនកំពុងហាមឃាត់ការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងបម្រាមមួយចំនួនដែលប្រទេសទាំងនោះដាក់លើយន្តហោះរបស់ខ្លួនជុំវិញការឈ្លានពានអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីឥឡូវនេះ មិនអាចចូលទៅក្នុងដែនអាកាសនៃប្រទេសភាគច្រើននៃទ្វីបអឺរ៉ុបក៏ដូចជាប្រទេសកាណាដា។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីបាននិយាយថា ខ្លួនដាក់ការរឹតបន្តឹង ដែលជាវិធានការសងសឹកចំពោះការហាមឃាត់ដោយរដ្ឋអឺរ៉ុបលើការហោះហើរដោយអាកាសចរណ៍ស៊ីវិល ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ឬចុះឈ្មោះក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ នឹងអាចចូលដែនអាកាសរុស្ស៊ីបានតែជាមួយនឹងការអនុញ្ញាតពិសេស។ គួរបញ្ជាក់ផងដែរថា កាល​ពី​សប្តាហ៍​មុន រុស្ស៊ី​បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​រារាំង​ក្រុមហ៊ុន Aeroflot ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​របស់​ប្រទេស​នេះ ព្រម​ទាំង​យន្តហោះ​ឯកជន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia