ក្រុមហ៊ុនផលិតរថយន្ត និងឡានដឹកទំនិញទូទាំងពិភពលោកជាច្រើន កាលពីថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ បានផ្អាកអាជីវកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសនេះមកលើប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនជាច្រើនបានទុកចោលប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។
យោងតាមសារព័ត៌មាន channelnewsasia ក្រុមហ៊ុនដែលផ្អាកប្រតិបត្តិការរួមមាន៖ ក្រុមហ៊ុនផលិតរថយន្ត Volvo របស់ប្រទេសស៊ុយអែត ,ក្រុមហ៊ុន Daimler Truck របស់អាល្លឺម៉ង់, ក្រុមហ៊ុន Volkswagen និង ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញស៊ុយអែត AB Volvo។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនថាមពលយក្ស BP ដែលជាវិនិយោគិនបរទេសដ៏ធំបំផុតរបស់រុស្ស៊ីបានប្រកាសភ្លាមៗកាលពីចុងសប្តាហ៍ថាខ្លួនបានបោះបង់ចោលភាគហ៊ុន ២០ភាគរយរបស់ខ្លួននៅក្នុងក្រុមហ៊ុន Rosneft ដែលគ្រប់គ្រងដោយរដ្ឋក្នុងតម្លៃរហូតដល់ ២៥ពាន់លានដុល្លារ។
ដោយឡែកក៏នៅមានក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនទៀតដែរ ដែលត្រូវបានគេឱ្យដឹងថា ផ្អាកការផលិត និងអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែមិនអាចសុំការបំភ្លឺបានក្នុងនើមានដូចជា៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor Co និង General Motors Co, ក្រុមហ៊ុន Toyota Motor Corp ខណៈក្រុមហ៊ុន Mercedes-Benz Group ក៏កំពុងសម្លឹងរកមើលជម្រើសផ្លូវច្បាប់ ដើម្បីដកភាគហ៊ុន ១៥ភាគរយរបស់ខ្លួននៅក្នុង Kamaz ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យក្រុមហ៊ុន Mercedes បានប្រាប់ឱ្យដឹងថា សកម្មភាពអាជីវកម្មនឹងត្រូវវាយតម្លៃឡើងវិញ ដោយគិតពីព្រឹត្តិការណ៍បច្ចុប្បន្ន៕




អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


