យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា អភិបាលរដ្ឋ Texas និង Utah បានស្នើសុំអ្នកលក់រាយឱ្យដកផលិតផលរុស្ស៊ីចេញពីធ្នើររបស់ពួកគេ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន។ សារព័ត៌មានដដែលបានឱ្យដឹងថា ហាង Houston Chronicle និងហាងផ្សេងទៀតបានរាយការណ៍រឿងនេះជាលើកដំបូង។
អភិបាលរដ្ឋ Utah លោក Spencer J. Cox បានចេញដីកាប្រតិបត្តិដែលតម្រូវឱ្យនាយកដ្ឋានគ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុលរដ្ឋ Utah ដកផលិតផលដែលផលិតដោយរុស្ស៊ី និងម៉ាកយីហោរុស្ស៊ីទាំងអស់ចេញពីធ្នើររបស់ខ្លួនជាបន្ទាន់។ លោក Cox បាននិយាយថា “ការវាយប្រហារដ៏សាហាវឃោរឃៅរបស់រុស្ស៊ីទៅលើប្រទេសដែលមានអធិបតេយ្យភាព គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ”។
នៅក្នុងសកម្មភាពស្រដៀងគ្នានេះ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា លោកបានស្នើឱ្យភោជនីយដ្ឋាន បារ និងអ្នកលក់រាយ ដកផលិតផលរុស្ស៊ីចេញពីធ្នើររបស់ពួកគេ។ លោក Abbott បាននិយាយថា “ខ្ញុំបានស្នើឱ្យសមាជិកនៃសមាគមភោជនីយដ្ឋាន Texas សមាគម Texas Package Stores Association និងអ្នកលក់រាយនៅរដ្ឋតិចសាស់ទាំងអស់ ឱ្យដកផលិតផលរុស្ស៊ីទាំងអស់ចេញពីធ្នើរបស់ពួកគេដោយស្ម័គ្រចិត្ត”។ លោកបានបន្ថែមថា៖ “រដ្ឋតិចសាស់ឈរជាមួយអ៊ុយក្រែន”។
គួរឱ្យដឹងថា មេដឹកនាំពិភពលោកត្រូវបានជំរុញឱ្យដាក់ទណ្ឌកម្មរុស្ស៊ីចំពេលមានការលុកលុយចូលអ៊ុយក្រែន។ ក្នុងនោះប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រ ហើយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសក៏បានចាត់វិធានការស្រដៀងគ្នានេះផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


