Louis Vuitton ដែលជាម៉ាកសំលៀកបំពាក់កំពូលរបស់ក្រុមហ៊ុន LVMH កាលពីថ្ងៃពុធ ថ្មីៗនេះ បានប្រកាសថា នឹងដំឡើងតម្លៃលើផលិតផលរបស់ខ្លួននៅទូទាំងពិភពលោកដោយសារតែការកើនឡើងនៃថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូន នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនទំនិញប្រណីតរបស់បារាំងនៅក្នុងប្រទេសចិនបានប្រាប់រ៉យទ័រ។
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងតម្លៃនឹងប៉ះពាល់ដល់ហាង Louis Vuitton ទូទាំងពិភពលោក និងគ្របដណ្តប់លើទំនិញស្បែក គ្រឿងសំលៀកបំពាក់ និងទឹកអប់។ ប៉ុន្តែទោះយ៉ាងណាក្ដី អ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីទំហំនៃការកើនឡើងនេះទេ ក្រៅពីការនិយាយថាវានឹងប្រែប្រួលអាស្រ័យលើផលិតផល។
Louis Vuitton ដែលជាម៉ាកយីហោប្រណិតធំបំផុតរបស់ពិភពលោក នឹងក្លាយទៅជាយីហោធំដំបូងគេក្នុងឧស្សាហកម្មនេះ ដែលដំឡើងតម្លៃយ៉ាងទូលំទូលាយនៅឆ្នាំនេះ ដើម្បីការពារការខាតបង់នៅពេលដែលការចំណាយកើនឡើង៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


