កម្ពុជាឡូយណាស់! ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន (ISUZU) បោះទុនជាង ៧លានដុល្លារសង់រោងចក្រផ្គុំដំឡើងរថយន្តនៅខេត្តមួយនេះ
អាជីវកម្ម February 17, 2022 Khmernote

មួយរយៈចុងក្រោយនេះ ឃើញថាកម្ពុជាទទួលបានគម្រោងវិនិយោគធំជាច្រើន ជាពិសេស គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុនល្បីៗលើពិភពលោក។ ហើយបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុននេះបន្តិចបានឱ្យដឹងថា កម្ពុជានឹងទទួលបានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) មួយទៀត ដែល (CDC) ទើបបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន។

យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ (CDC) គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

គួររម្លឹកផងដែរថា កាលពីឆ្នាំទៅ ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Ford បានប្រកាសនឹងបង្កើតរោងចក្រផលិតរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.ដែលមានទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕

អត្ថបទ៖ លីនី