ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group Bhd របស់ម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានប្តូរឈ្មោះរបស់ខ្លួនទៅជា Capital A Bhd ដើម្បីឆ្លុះបញ្ចាំងពីផលប័ត្រអាជីវកម្មដែលកំពុងកើនឡើងលើសពីក្រុមហ៊ុនអាកាសចរណ៍។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្រុមហ៊ុននេះ បានបានស្នើប្តូរឈ្មោះនៅថ្ងៃទី៣ មករា កន្លងទៅនេះ។
អាជីវកម្មក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានជួបការលំបាកក្នុងអំឡុងពេលជំងឺរាតត្បាត ដោយសារតែច្បាប់ធ្វើដំណើរដ៏តឹងរ៉ឹងនៅក្នុងតំបន់អាស៊ី ដែលនាំឱ្យផ្សារហ៊ុនម៉ាឡេស៊ីនៅខែនេះចាត់ថ្នាក់ក្រុមហ៊ុនថា មានបញ្ហាផ្នែកហិរញ្ញវត្ថុ ទោះបីជាខ្លួនបាននិងកំពុងរៃអង្គាសថវិកាដើម្បីពង្រឹងតារាងតុល្យការរបស់ខ្លួនក៏ដោយ។
នាយកប្រតិបត្តិក្រុមហ៊ុន Capital A លោក Tony Fernandes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានចំណាយលើការធ្លាក់ចុះនៃការហោះហើរក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់អនាគតដ៏ជោគជ័យ និងជោគជ័យដែលមិនមែនពឹងផ្អែកតែលើថ្លៃសំបុត្រយន្តហោះតែមួយមុខនោះទេ។ ហើយទោះជាយ៉ាងណា អាជីវកម្មអាកាសចរណ៍នឹងរក្សាម៉ាកយីហោ AirAsia ដែលល្បីនៅអាស៊ីដដែល”។
គួរឱ្យដឹងថា Capital A បាននិងកំពុងវិនិយោគយ៉ាងច្រើននៅក្នុងអាជីវកម្មទូទាត់ប្រាក់ BigPay, Logistics Arm Teleport និង Mobile Super App របស់ខ្លួន ដើម្បីទទួលបានប្រភពចំណូលផ្សេងទៀត ទោះបីជាពួកគេនៅតែស្ថិតក្នុងដំណាក់កាលរីកចម្រើន និងកំពុងខាតបង់នៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក៏ដោយ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


