បែកធ្លាយ! ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung កំពុងចរចាទិញក្រុមហ៊ុនផលិតថ្នាំរបស់អាមេរិក ក្នុងតម្លៃ ៤២ពាន់លានដុល្លារ
អាជីវកម្ម December 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung Group របស់កូរ៉េខាងត្បូងកំពុងពិភាក្សាទិញយកក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក (Biogen) ក្នុងតម្លៃជាង ៤០ពាន់លានដុល្លារ។ ដំណឹងនេះត្រូបានប្លែកធ្លាយតាមរយៈរបាយការណ៍មួយ ហើយបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Biogen បានកើនឡើងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ។

Biogen ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតថ្នាំ Alzheimer’s Aduhelm និង ថ្នាំ neurology ដែលផ្តោតលើសរសៃប្រសាទបានទៅជួប Samsung លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចមានតម្លៃជាង ៤២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត Korea Economic Daily។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Biogen បាន​បដិសេធ​ការ​អធិប្បាយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏មិនបានបញ្ជាក់ពីគោលបំណងក្នុងការទិញ ក្រុមហ៊ុនអាមេរិកមួយនេះដែរ។ គួរឱ្យដឹងថា Biogen ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ដោយក្រុមដែលរួមបញ្ចូលអ្នកឈ្នះរង្វាន់ណូបែល Walter Gilbert និង Phillip Sharp។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ Massachusetts ទទួលបានប្រាក់ចំណូលចំនួន ១៣.៤ ពាន់លានដុល្លារកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia