ព្រោះតែការស្រមើលស្រមៃពីក្មេង វិចិត្រករកូរ៉េខាងត្បូង ច្នៃប៉េងប៉ោងចេញជាកៅអីដាក់លក់ ១ដល់ទៅខ្ទង់ម៉ឺនដុល្លារ
អាជីវកម្ម December 29, 2021 Khmernote

យកប៉េងប៉ោងមកធ្វើជាកៅអីអង្គុយ អ្នករាល់គ្នាអាចនឹងគិតជាថា ជារឿងប្រឌិតបោកប្រាស់ ហើយមិនអាចកើតឡើងបាននោះទេ ប៉ុន្តែវាជារឿងពិត ហើយបុរសជនជាតិកូរ៉េម្នាក់អាចធ្វើរឿងដែលគ្រប់គ្នាគិតថាមិនអាចទៅរួចបាន ពិសេសគឺអាចបង្កើតជាអាជីពរកចំណូលបានរាប់ពាន់ដុល្លារ។

វិចិត្រករកូរ៉េខាងត្បូង Seungjin Yang ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាលាសិល្បៈដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Hongik University អាចច្នៃប៉េងប៉ោងធ្វើជាកៅអីក្នុងទម្រង់រូបភាព (ម៉ូដកៅអី) ជាច្រើនប្រភេទហើយលក់បានតម្លៃរាប់ពាន់ដុល្លារ។ វិចិត្រកររូបនេះ បានបង្កើតអាជីវកម្មរបស់ខ្លួនដែលមានឈ្មោះថា “The Blowing Series” ក្នុងឆ្នាំ២០១៣ ដោយសារការស្រមើលស្រមៃពីកុមារភាព ដែលគេតែងកាច់ប៉េងប៉ោងទៅជារូបផ្សេងៗ។

គាត់បានចែករំលែកនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៧ ជាមួយ Arirang Culture ថា វាជារឿងភ្ញាក់ផ្អើលមួយសម្រាប់អ្នកដែលគិតថាកៅអីមិនអាចធ្វើពីប៉េងប៉ោងទេ បន្ទាប់ពីគាត់បានបង្កើតវាឡើង។ ហើយក្រោយពីបង្កើតគំនិតរចនាមក Yang ចាប់ផ្តើមផ្លុំប៉េងប៉ោង ដោយប្រថុយនឹងការបែកម្តងម្កាល ជាពិសេសនៅពេលបង្កើតជារាងមូល។ នៅពេលត្រូវបានបង្កើតជាទម្រង់ដែលចង់បានរួច ប៉េងប៉ោងត្រូវបានស្រោបដោយសារធាតុ epoxy ហើយបន្ទាប់មកព្យួរឱ្យស្ងួតរយៈពេល ៦ ទៅ ៧ម៉ោង ហើយក្រោយមក គាត់ត្រូវធ្វើបែបនេះម្តងហើយម្ដងទៀតប្រហែល ៨ដង ទើបប៉េងប៉ោងរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទម្ងន់ណាមួយ។

ការច្នៃប្រឌិតរបស់ Yang ត្រូវបានទទួលស្គាល់ថាមានលក្ខណៈពិសេសដោយបណ្ដាញ The Future Perfect ក្នុងឆ្នាំ២០១៩ ហើយការបង្កើតរបស់គាត់ ត្រូវបានគេប្រទះឃើញនៅក្នុងរូបថត Architectural Digest រាប់មិនអស់ ដែលធ្វើឱ្យកៅអីដែលគាត់បានបង្កើតនោះត្រូវបានប្រើប្រាស់ក្នុងផ្ទះជុំវិញពិភពលោក។ លើសពីនេះ អ្វី​ដែល​បាន​ចាប់​ផ្តើ​ម​ដោយសារតែការ​ពិសោធន៍​សិល្បៈ​ឥឡូវ​នេះ ត្រូវបានដាក់​លក់​ក្នុង​តម្លៃពី ៤ដុល្លារ ទៅ ១២ ពាន់​ដុល្លារ​ សម្រាប់កៅអីមួយ ទៅតាមទំហំ និងពណ៌​ នៅ​លើ​ប​ណ្តា​ញ The Future Perfect៕

អត្ថបទ៖ លីនី
ប្រភព៖ nextshark