ក្រុមហ៊ុនលក់រាយរបស់ជប៉ុន Aeon គ្រោងនឹងបើកផ្សារទំនើប MaxValu របស់ខ្លួនចំនួន ១០០បន្ថែមទៀតនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៥ ខណៈដែលបរិបទនៃផ្សារត្រី បន្លែ សាច់ ទទួលរងការលំបាកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ របាយការណ៍របស់ Nikkei Asia បាននិយាយថា Aeon ដែលមានហាង MaxValu ចំនួន ៤នៅក្នុងទីក្រុងហាណូយនាពេលបច្ចុប្បន្ន នឹងបើកហាងបន្ថែម ដែលធំជាងហាងដែលមាន ៥០០ម៉ែត្រការ៉េ ឬច្រើនជាងនេះ ជាផ្នែកនៃយុទ្ធសាស្រ្តពង្រីកទាំងមូលរបស់ខ្លួន។
សារព័ត៌មាននេះ បានដកស្រង់សម្តីលោក Soichi Okazaki នាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្មអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុននេះថា “វៀតណាម គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់យុទ្ធសាស្រ្តក្រៅប្រទេសរបស់យើង” ។ ផ្សារទំនើប គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីក្រុងតូក្យូសម្រាប់កំណើន។ គ្រោងនឹងបង្កើនមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួនក្នុងប្រទេសវៀតណាមដល់ ១៦ទីតាំងនៅឆ្នាំ ២០២៥ ពីចំនួន ៦ នាពេលបច្ចុប្បន្ន។
គួរឱ្យដឹងថា Aeon ដែលបានបណ្តាក់ទុនចំនួន ១.១៨ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម បាននិយាយផងដែរថា ខ្លួនគ្រោងនឹងចុះបញ្ជីភាគហ៊ុននៅលើទីផ្សារភាគហ៊ុនវៀតណាម និងសម្របសម្រួលការនាំចេញអាហារសមុទ្រវៀតណាម សម្លៀកបំពាក់ និងផលិតផលផ្សេងទៀតទៅកាន់ប្រទេសជប៉ុន៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


