តុលាការក្រុងមូស្គូ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានពិន័យក្រុមហ៊ុន Google ជិត ១០០លានដុល្លារអាមេរិក និងពិន័យជាប្រាក់ក្រុមហ៊ុនមេរបស់ Facebook គឺ Meta ចំនួន ២៧លានដុល្លារដែរ។ ការពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកទាំងពីរនេះ គឺដោយសារតែពួកគេ ខកខានមិនបានលុបមាតិកាដែលហាមឃាត់ដោយច្បាប់ក្នុងស្រុក ខណៈដែលរុស្ស៊ីព្យាយាមបង្កើនសម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។
តុលាការស្រុក Tagansky បានសម្រេចថា Google បានធ្វេសប្រហែសម្តងហើយម្តងទៀតក្នុងការដកចេញនូវមាតិកាហាមឃាត់ ហើយបានបញ្ជាឱ្យក្រុមហ៊ុនបង់ប្រាក់ពិន័យរដ្ឋបាលប្រហែល ៧.២ ពាន់លានរូប្ល (ប្រហែល ៩៨.៤ លានដុល្លារអាមេរិក)។ ក្រោយមកកាលពីថ្ងៃសុក្រ តុលាការក៏បានពិន័យជាប្រាក់ជិត ២ពាន់លានរូប្ល (២៧.២ លានដុល្លារអាមេរិក) លើ Meta ចំពោះការខកខានក្នុងការលុបចោលខ្លឹមសារហាមឃាត់ផងដែរ។
អ្នកឃ្លាំមើលទំនាក់ទំនងរដ្ឋរុស្ស៊ី Roskomnadzor បាននិយាយថា Google និង Meta ត្រូវបានចោទប្រកាន់ជាពិសេសពីបទរំលោភលើការហាមប្រាមលើការចែកចាយខ្លឹមសារដែលលើកកម្ពស់មនោគមវិជ្ជាជ្រុលនិយម ប្រមាថដល់ជំនឿសាសនា និងលើកទឹកចិត្តឱ្យមានអាកប្បកិរិយាប្រកបដោយគ្រោះថ្នាក់ដោយអនីតិជន ក្នុងចំណោមរឿងផ្សេងៗទៀត។ ទីភ្នាក់ងារនេះបាននិយាយថា Facebook និង Instagram បានបរាជ័យក្នុងការលុបចំនួន ២,០០០ ទោះបីជាមានការស្នើសុំរបស់តុលាការឱ្យធ្វើដូច្នេះក៏ដោយ ខណៈដែល Google បានបរាជ័យក្នុងការលុបចំនួន ២,៦០០។
គួរឱ្យដឹងថា តុលាការរុស្ស៊ីពីមុនបានដាក់ការផាកពិន័យតិចតួចនៅលើក្រុមហ៊ុន Google, Facebook និង Twitter ក្នុងឆ្នាំនេះ ហើយការសម្រេចកាលពីថ្ងៃសុក្ បានកត់សម្គាល់ថា នេះជាលើកដំបូងដែលទំហំនៃការផាកពិន័យត្រូវបានគណនាដោយផ្អែកលើប្រាក់ចំណូល។ ជាមួយគ្នានោះអាជ្ញាធររុស្ស៊ី ក៏បានទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សបរទេស រក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋរុស្ស៊ីនៅលើម៉ាស៊ីនមេក្នុងប្រទេសរុស្ស៊ី ដោយគំរាមកំហែងពួកគេជាមួយនឹងការផាកពិន័យ ឬបម្រាមដែលអាចកើតមាន ប្រសិនបើពួកគេមិនគោរពតាម៕



អត្ថបទ៖ លីនី
ប្រភេទ៖ scmp


