វាហាក់ដូចជារឿងប្រឌិត ហើយអ្នកខ្លះអាចនឹងមិនជឿថា បុរសវ័យ ៣០ឆ្នាំម្នាក់អាចរកប្រាក់បានរាប់រយលានដុល្លារពីការលក់ផលិតផលនៅលើ Amazon។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា Ryan Grant បុរសដែលមានវ័យ ៣០ឆ្នាំ បានសម្រេចចិត្តបោះបង់ការងារជាគណនេយ្យរបស់គាត់នៅទីក្រុង Minneapolis ក្នុងឆ្នាំ២០១៣ មកលក់ទំនិញនៅលើ Amazon ។
តាមសារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ Grant អាចរកប្រាក់ចំណូលបានជិត ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រាក់ចំណូលទាំងនោះ បានមកពីការទិញទំនិញគ្រប់ប្រភេទរាប់ចាប់ពី ប្រដាប់ក្មេងលេង រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពី Walmart និង Target ហើយដាក់លក់វិញនៅលើវេបសាយ Amazon។
បុរសកំពូលគំនិតរូបនេះ បានប្រាប់ CNBC ថា ការប្រើយុទ្ធសាស្រ្តរកប្រាក់ចំណេញពីការលក់នៅលើ Amazon នេះ លោកបានចាប់ផ្ដើមប្រើវាម្ដងរួចមកហើយ នៅពេលដែលលោកបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១១ ដោយកាលនោះដាក់លក់សៀវភៅ រកប្រាក់ចំណេញបានរហូតដល់ $១០,០០០ ក្នុងមួយឆ្នាំ។ ប៉ុន្តែនៅពេលធ្វើការជាគណនេយ្យករ គាត់បានដឹងថាគាត់មិនអាចបន្តនៅអាជីពនេះទៀត គាត់ចង់មានពេលវេលាផ្ទាល់ខ្លួន និងមុខរបរជារបស់ខ្លួនឯង ដូច្នេះកាលនោះគាត់ចាប់ផ្ដើមស្វែងរកជម្រើសណាមួយជាគ្រឹះ ដើម្បីចាកចេញពីការងារនេះ ហើយគាត់ក៏ត្រលប់មកប្រើយុទ្ធសាស្រ្តលក់នេះម្ដងទៀត។
លោក Grant បានរម្លឹកឡើងវិញថា កាលចេញលក់ជាថ្មីម្ដងទៀត គាត់មិនទាន់ឈប់ធ្វើការនោះទេ គាត់ចំណាយពេលចុងសប្ដាហ៍ និងពេលចប់ការងារទៅទិញទំនិញនៅ Walmart ហើយស្កេនមុខទំនិញមួយចំនួនដោយប្រើកម្មវិធី Amazon បន្ទាប់មកក៏ដាក់លក់។ គាត់ចំណាយពេលប្រហែល ១០ម៉ោងក្នុងមួយសប្តាហ៍ ហើយកាលនោះគាត់អាចរកប្រាក់បាន ១,០០០ ដុល្លារក្នុងមួយខែ។ នៅខែកញ្ញា ឆ្នាំ ២០១៣ គាត់បានដាក់ពាក្យលាឈប់ បន្ទាប់ពីគាត់ដឹងថា ការរកចំណូលពីការលក់បានច្រើនជាងប្រាក់ខែដែលគាត់ទទួលបាន។
នៅឆ្នាំ២១០៤ ប្រអប់ទំនិញសម្រាប់ឃ្លាំង Amazon បានចាប់ផ្តើមគរលើគ្នាជាច្រើនក្នុងផ្ទះ ដូច្នេះគាត់បានជួលឃ្លាំងទំហំ ៧២៥ ហ្វីតដើម្បីផ្ទុកទំនិញ ។ ក្រោយមកនៅខែកក្កដា ឆ្នាំ២០១៧ Grant បានផ្លាស់អាជីវកម្មទៅឃ្លាំងដែលមានទំហំធំជាង ៥ដងពីឃ្លាំងមុន ហើយរហូតមកដល់បច្ចុប្បន្ននេះ អាជីវកម្មម្លៃរាប់លានដុល្លាររបស់គាត់របស់គាត់ចំនួន ១០នាក់។
Grant បានបង្ហើបពីគន្លឹះថា ជាមធ្យោបាយងាយស្រួល និង “ហានិភ័យទាប” ក្នុងការទទួលបានបទពិសោធន៍ខ្លះនៅក្នុងពិភពនៃការលក់រាយតាមអ៉ីនធឺណេត គឺត្រូវចាប់ផ្តើមដោយសាមញ្ញនូវវត្ថុមួយចំនួនដែលអ្នកមានរួចហើយ ប៉ុន្តែកម្រប្រើ ហើយព្យាយាមលក់វានៅលើអ៉ីនធឺណេតតាមរយៈ Facebook Marketplace ,Craigslist, eBay ឬសូម្បីតែ Amazon ។ ពីទីនោះ អ្នកអាចយកប្រាក់ចំណេញរបស់អ្នក ហើយវិនិយោគវាឡើងវិញដោយការទិញទំនិញពី ម្ចាស់ម៉ាក ហាងលក់ទំនិញ ហាងលក់រាយធំៗនៅពេលមានប្រូមូសិន ឬលក់លាងឃ្លាំង។ ការធ្វើដដែលៗនេះ ម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនឆ្នាំនេះ គឺជាវិធីដែលគាត់ពង្រីកអាជីវកម្មដែលមានតម្លៃរាប់លានដុល្លាររបស់គាត់បានយ៉ាងរលូន៕




អត្ថបទ៖ លីនី
ប្រភព៖ cnbc


