ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រជាជនជាច្រើននៅលើពិភពលោកបង្ខំចិត្តស្នាក់នៅក្នុងផ្ទះ ដោយបានផ្លាស់ប្ដូរទម្លាប់រស់នៅ ធ្វើការ និងរៀនសូត្រ គឺចំណាយពេលនៅក្នុងផ្ទះទាំងអស់។ កត្តានេះ បានធ្វើឱ្យទីផ្សាររុក្ខជាតិប្រភេទកម្រ សម្រាប់ដាំលម្អក្នុងផ្ទះ បានផ្ទុះឡើង និងមានតម្លៃថ្លៃ នៅក្នុងប្រទេសសិង្ហបុរី។
រុក្ខជាតិប្រភេទកម្រ សម្រាប់ដាំក្នុងផ្ទះ មានទីផ្សារខ្លាំងនៅលើអ៉ីនធឺណេត ចាប់តាំងពីឆ្នាំមុន និងប្រភេទកម្រខ្លះដូចជាប្រភេទមួយចំនួននៃរុក្ខជាតិ Monstera deliciosia -ដែលមានដើមកំណើតនៅព្រៃត្រូពិចរបស់អាមេរិកកណ្តាល ដែលត្រូវបានគេស្គាល់ផងដែរថា ជារុក្ខជាតិ “Swiss cheese” មានតម្លៃរហូតដល់ ៦០,០០០ ដុល្លារសិង្ហបុរី (៤៣,០០០ដុល្លារ)។ ការផ្ទុះឡើងនៃទីផ្សាររុក្ខជាតិដាំក្នុងផ្ទះ ប្រភេទកម្រនេះ ភាគច្រើនគឺនៅលើបណ្ដាញសង្គម Facebook និង Carousell។
បើតាមអ្នកលក់មួយរូបវ័យត្រឹមតែ ១៣ឆ្នាំ បានឱ្យដឹងថា ប្រជាជនសិង្ហបុរីមួយចំនួនបានចំណាយពេលវេលារបស់ពួកគេដែលត្រូវស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីចិញ្ចឹមសត្វចិញ្ចឹម បង្កើតការកម្សាន្តផ្សេងៗ ឬ រៀនជំនាញថ្មីៗ ខណៈដែលអ្នកផ្សេងទៀតដូចជា រូបគាត់ផ្ទាល់បាន បានសម្រេចចិត្តបើកការបណ្តាក់ទុនអាជីវកម្មលក់រុក្ខជាតិប្រភេទកម្រនេះ នៅលើអ៉ីនធឺណេត ហើយទទួលបានការគាំទ្រខ្លាំងមែនទែន។ ដោយឡែកបើតាមអ្នកបណ្ដុះពូជរុក្ខជាតិកម្រ ដែលកំពុងត្រូវប៉ាន់នេះ បានលើកឡើងថា ទីផ្សារសម្រាប់រុក្ខជាតិក្នុងប្រទេសសិង្ហបុរីត្រូវបានជំរុញដោយជំងឺរាតត្បាតខ្លាំង ពោលគឺប្រជាជនសិង្ហបុរីអផ្សុក ព្រោះតែជាប់គាំងនៅផ្ទះ ហើយបានរកឃើញថា ខ្លួនមានជម្រើសតិចតួចក្នុងការចំណាយប្រាក់ដែលរកបានដោយលំបាករបស់ពួកគេ។
ទោះបីជាយ៉ាងណា ការដាំរុក្ខជាតិកម្រនៅក្នុងផ្ទះ ដែលមានតម្លៃចាប់ពីរាប់រយ ដល់ខ្ទង់ពាន់ដុល្លារនេះ នៅតែមានកម្រិតទាបជាងការចិញ្ចឹមសត្វ ដូចជា ឆ្កែ និងឆ្មាជាដើម។ ហើយទោះបីជាទីផ្សាររុក្ខជាតិកម្រផ្ទុះខ្លាំងយ៉ាងណាក្ដី ប៉ុន្តែនៅពេលការផ្លាស់ប្តូរឆ្ពោះទៅរកការរស់នៅជាមួយជំងឺកូវីដ-១៩ ការលក់រុក្ខជាតិកម្រនេះបានធ្លាក់ចុះ៕



អត្ថបទ៖ លីនី
ប្រភព៖ scmp


