TikTok វ៉ាដាច់ Google ក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតក្នុងឆ្នាំ២០២១
អាជីវកម្ម December 24, 2021 Khmernote

បណ្ដាញសង្គម TikTok ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីកម្សាន្តផ្ដោតលើវីដេអូឃ្លីបខ្លីៗ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតលើពិភពលោកនៅលើអ៉ីនធឺណិតក្នុងឆ្នាំ២០២១ ដោយវ៉ាដាច់ក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc នេះបើយោងតាម ​​Cloudflare Inc. ដែលជាក្រុមហ៊ុន cloud-infrastructure ដែលតាមដានចរាចរណ៍អ៉ីនធឺណេត។

កម្មវិធីដែលគ្រប់គ្រងដោយ ByteDance Ltd មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានការកើនឡើងយ៉ាងឆាប់រហ័ស ដោយកាលពីដើមឆ្នាំនេះ TikTok បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាងមួយពាន់លាននាក់។ Cloudflare បាននិយាយថា TikTok បានចាប់ផ្តើមដំបូងគេនៅលើតារាង ជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ពិភពលោកនៅក្នុងខែកុម្ភៈ។

គួរឱ្យដឹងថា កាលពីឆ្នាំមុន TikTok ជាប់ចំណាត់ថ្នាក់ទី៧ ប៉ុន្តែ Cloudflare បាននិយាយថា បញ្ជីនៃឆ្នាំ២០២០ បានចាប់យករយៈពេល 4 ខែចុងក្រោយនៃឆ្នាំនេះ ព្រោះវាបានចាប់ផ្តើមតាមដានចរាចរណ៍គេហទំព័រនៅក្នុងខែកញ្ញា 2020។ យ៉ាងណាមិញ ក្នុងឆ្នាំnV Google ដែលរួមបញ្ចូលមុខងារស្វែងរក, ផែនទី ,ការបកប្រែភាសា និងសេវាកម្មផ្សេងទៀត ជាប់ចំណាត់ថ្នាក់ទី២ ហើយតាមដោយ Facebook របស់ Meta Platforms Inc., Microsoft Corp., Apple Inc., Amazon.com Inc., Netflix Inc., Alphabet’s YouTube, Twitter Inc. និង WhatsApp របស់ Meta។ ដោយឡែកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Meta Instagram បានធ្លាក់ចេញពីបញ្ជីនៃឆ្នាំ២០២១ ហើយត្រូវបានជំនួសដោយកម្មវិធី WhatsApp នេះបើយោងតាម ​​Cloudflare ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost