រោងចក្រនៅឥណ្ឌារបស់ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំ​១ ឱ្យ Apple នៅតែបន្តបិទទ្វារ ដែលអាចប៉ះពាល់ដល់ការផលិតកាន់តែអាក្រក់ទៅៗ
អាជីវកម្ម December 22, 2021 Khmernote

ប្រភពពីរដ្ឋាភិបាលចំនួន ៣ បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារ (២១ ធ្នូ) ថា រោងចក្រផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn នៅជិតទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា នៅតែបន្តបិទនៅសប្តាហ៍នេះបន្ទាប់ពីការតវ៉ាដែលបង្កឡើងដោយឧប្បត្តិហេតុពុលអាហារ។

មន្ត្រីប៉ូលីសមកពីការិយាល័យរបស់អគ្គនាយកប៉ូលីសនៅ Kancheepuram ក្នុងទីក្រុង Tamil Nadu បានឱ្យដឹងថា ការសម្រេចចិត្តផ្អាកសកម្មភាពនៅរោងចក្រនេះ គឺជាការសម្រេចរបស់អ្នកគ្រប់គ្រង។ ជាមួយគ្នានេះមន្ត្រីបាននិយាយថា និយោជិតនៅរោងចក្រដែលបានត្អូញត្អែរពីការពុលអាហារ និងបញ្ហាផ្សេងៗទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្នើសុំឱ្យចុះបញ្ហារបស់ពួកគេជាមួយក្រសួងការងាររដ្ឋ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា Apple បានចាប់ផ្តើមសាកល្បងផលិតទូរស័ព្ទ iPhone 13 របស់ខ្លួននៅឯរោងចក្រនាពេលថ្មីៗនេះ ខណៈតាំងពីដើមមករោងចក្រនេះ រោងចក្រនេះផលិតម៉ូដែល iPhone 12 ។

លោក Navkendar Singh នាយកស្រាវជ្រាវរបស់ឥណ្ឌានៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បាននិយាយថា៖ «ផលប៉ះពាល់លើ Apple ត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបព្រោះវាជាការផ្អាកនេះមានជារយៈពេលខ្លី … ឬ អាចរហូតដល់ខែកុម្ភៈ»។ ទោះបីជាយ៉ាងណាក្ដី Foxconn និង Apple មិនអាចសុំការអត្ថាធិប្បាយបានទេ។

គួរបញ្ជាក់ផងដែរថា ការរអាក់រអួលកើតឡើងនៅពេលដែលក្រុមហ៊ុន Apple ក៏ដូចជាក្រុមហ៊ុនផលិតផលប្រើប្រាស់ផ្សេងទៀតកំពុងដោះស្រាយជាមួយនឹងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានប៉ះពាល់ដល់ផលិតកម្ម។ នៅក្នុងខែតុលា ក្រុមហ៊ុនបានព្រមានថា ផលប៉ះពាល់នៃបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនេះ នឹងកាន់តែអាក្រក់ឡើងក្នុងអំឡុងត្រីមាសនៃវិស្សមកាល។

ក្រុមហ៊ុន Apple ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានដាក់ការភ្នាល់ដ៏ធំលើប្រទេសឥណ្ឌា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំឡើង iPhone នៅក្នុងប្រទេសក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Foxconn, Wistron និងអ្នកផ្គត់ផ្គង់មួយផ្សេងទៀតគឺ Pegatron បានរួមគ្នាប្តេជ្ញាចិត្តប្រហែល ៩០០លានដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំដើម្បីផលិត iPhone នៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia