Toyota ក្រុមហ៊ុនលក់រថយន្ត​ដាច់បំផុតលើពិភពលោក ប្រកាស​ផ្អាក​រោងចក្រ​ផលិតជាបន្តបន្ទាប់នៅក្នុងប្រទេសជប៉ុន
អាជីវកម្ម December 14, 2021 Khmernote

ក្រុមហ៊ុន Toyota Motor បានប្រកាសពីការព្យួរខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសជប៉ុនបន្ថែមទៀត ដោយសារតែកង្វះខាតគ្រឿងបន្លាស់ដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្រុមហ៊ុន Toyota បាននិយាយថា រោងចក្រ Tahara ក្នុងខេត្ត Aichi និងរោងចក្រ Miyata ក្នុងខេត្ត Fukuoka នឹងផ្អាកមួយផ្នែកសម្រាប់ខ្សែផលិតកម្មរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ខែធ្នូ។

បច្ចុប្បន្នរោងចក្រទាំងពីរនេះ កំពុងផ្អាកផ្នែកមួយនៃការផលិតរថយន្តប្រណិត Lexus របស់ពួកគេរួចហើយ ដោយសារតែការជាប់គាំងនៃការដឹកជញ្ជូនគ្រឿងបន្លាស់ពីអាស៊ីអាគ្នេយ៍ ដោយការផ្អាកបច្ចុប្បន្នមានរយៈពេលរហូតដល់ថ្ងៃពុធ។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ការរាំងស្ទះក្នុងស្រុក បានធ្វើឱ្យកង្វះខាតកាន់តែអាក្រក់ទៅៗ ហើយការផ្អាកនៅសប្តាហ៍ក្រោយ នឹងបញ្ឈប់ការផលិតរថយន្តប្រហែល ៥,០០០ គ្រឿង។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota កំពុងធ្វើការដើម្បីស្តារទិន្នផលឡើងវិញដល់កម្រិតមុនការរាតត្បាត។ ប៉ុន្តែ​ការ​បញ្ឈប់​ខ្សែ​ការ​ដំឡើង ​នឹង​ប៉ះ​ពាល់​ដល់​ការ​ផលិត​ចំនួន ១៤,០០០ គ្រឿង​ក្នុង​ខែ​នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk