អូតែលមួយនៅវៀតណាម បើកលក់ “ស្តេកមាស” ក្នុងតម្លៃសមរម្យ ក្រោយឃើញមន្ត្រីជាន់ខ្ពស់ម្នាក់ជះលុយជាង ១០០០ដុល្លារទទួលទានស្តេក១ដុំនៅទីក្រុងឡុងដ៍
អាជីវកម្ម December 10, 2021 Khmernote

សណ្ឋាគារវៀតណាមមួយ កំពុងបើកឱកាសដល់ភ្ញៀវ ឱ្យបានសាកល្បងភ្លក់ស្តេកដែលស្រោបដោយស្លឹកមាសសម្រាប់អាហារពេលល្ងាច ជាមួយតម្លៃសមរម្យ។ នេះគឺជាយុទ្ធសាស្រ្តមួយ ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ដល់អ្នកដែលចង់ភ្លក់ស្តេកមាស បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញអញ្ជើញទៅពិសារស្តេកសាច់គោក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយនៅទីក្រុងឡុងដ៍ ដែលស្តេកនោះអាចមានតម្លៃជាង ១០០០ដុល្លារ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឱ្យដឹងថា សណ្ឋាគារ Dolce Hanoi Golden Lake បានធ្វើកំណែទម្រង់កាលពីឆ្នាំមុន ដោយប្រើលោហៈធាតុរាប់តោន រាប់ចាប់ពីចានមាស អាងងូតទឹក រហូតដល់បង្គន់ ដែលទាំងអស់ត្រូវបានស្រោបមាសនៅផ្នែកខាងក្រៅ។ ហើយ ឥឡូវនេះសណ្ឋាគារបានប្តូរឈ្មោះហាងអាហារមួយរបស់ខ្លួនថា Golden Beef Restaurant ហើយបម្រើស្តេកពីសាច់ “Tomahawk Wagyu” ដ៏ល្បីល្បាញ ដែលរដ្ឋមន្ត្រីវៀតណាមបានទទួលទាននៅទីក្រុងឡុងដ៍ក្នុងបញ្ជីមុខម្ហូប ដោយតម្លៃគិតចាប់ពី 45 ដុល្លារ។

យ៉ាងណាមិញ តាមការបញ្ជាក់របស់លោក Nguyen Huu Duong ប្រធានក្រុមហ៊ុន Hoa Binh Group ដែលជាម្ចាស់សណ្ឋាគារដែលគ្រប់គ្រងដោយ Wyndham Hotels & Resorts Inc ភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ ១នេះ បានបម្រើភ្ញៀវជាង ១០០០ នាក់ដែលបានមកភ្លក់ស្តេកមាសនេះ។ គួរឱ្យដឹងថា បន្ទាប់ពីឃើញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពិសារស្តេកសាច់គោមាស តម្លៃជាង ១០០០ដុល្លារមក មានប្រជាជនជាច្រើនសម្ដែងការមិនពេញចិត្ត តែក្នុងនោះក៏មានមួយចំនួនធំចាប់អារម្មណ៍ចង់សាក ហើយនេះក៏ជាមូលហេតុមួយដែលខាងសណ្ឋាគារបើកបម្រើ ស្តេកសាច់គោមាស ក្នុងតម្លៃសមរម្យមួយសម្រាប់ភ្ញៀវ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost