ក្រោយភ្លៀងមេឃស្រឡះ! ខេត្តសៀមរាបកំពុងវិលទៅអ៊ូរអរដូចមុនវិញហើយ ខណៈផ្នែកសេវាកម្មស្នាក់នៅ និងអាហារដ្ឋាននានា ចាប់ផ្តើមបើកដំណើរការទទួលស្វាគមន៍ភ្ញៀវឡើងវិញ
អាជីវកម្ម December 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ខេត្តសៀមរាបកំពុងវិលត្រលប់មកសភាពកាន់តែប្រសើរឡើងដូចកាលពីពេលមុនវិញហើយ ខណៈផ្នែកសេវាកម្មស្នាក់នៅ និងអាហារដ្ឋាននានា នៅក្នុងខេត្តសៀមរាប បានចាប់ផ្តើមបើកដំណើរការទទួលស្វាគមន៍ភ្ញៀវឡើងវិញ បន្ទាប់ពីការផ្អាកដំណើរការមួយរយៈពេល ដោយការឆ្លងរាលដាលជំងឺកូវីដ១៩។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកង៉ូវ សេងកាក់ ប្រធាន មន្ទីរទេសចរណ៍ខេត្តសៀម រាប បានឱ្យដឹងថា ក្រោយ ពេលរាជរដ្ឋាភិបាលប្រកាសបើកដំណើរការតំបន់ទេសចរណ៍ឡើងវិញ និងស្ថានភាពនៃដំណើរការស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ជិតរាល់ផ្លូវការផងនោះ បច្ចុប្បន្ននេះក្រុមអាជីវករផ្នែក សេវាកម្មផ្នែកអាហារដ្ឋាន ភោជនីយដ្ឋាននានា និងសេវាកម្មស្នាក់នៅផ្សេងៗ នៅក្នុងក្រុងសៀមរាប បានចាប់កម្រើកឡើងវិញ។

លោកបន្តទៀតថា នៅពេលជំងឺកូវីដ១៩បានចូលមកដល់ខេត្តសៀមរាប ធ្វើឱ្យបុគ្គលិកដែលបម្រើការងារ ជាពិសេសស្ត្រី ក្នុងវិស័យសេវាកម្មស្នាក់នៅ អាហារដ្ឋាន និងសេវាកម្សាន្ត បានបាត់បង់ឱកាសការងារជាច្រើន ដូច្នេះនៅពេលមានការកម្រើកឡើងវិញក្នុងវិស័យនេះ មន្ទីរទេសចរណ៍ខេត្ត គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យពួកគាត់ចេះពីជំនាញដែលធ្វើ និងចងក្រងជាបណ្តាញស្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានព័ត៌មានថ្មីៗ និងស្នើសុំការអន្តរាគមន៍ផ្សេងៗ ដូចជាករណីជួញដូរឬរំលោភបំពានផ្លូវភេទជាដើម។

លោកបន្តទៀតថា មុនពេលអនុញ្ញាតឱ្យអាជីវកម្មទាំងនោះបើកដំណើរទទួលស្វាគមន៍ភ្ញៀវ ក៏មានក្រុមការងារជំនាញចុះពិនិត្យវាយតម្លៃ និងណែនាំឱ្យថែរក្សាអនាម័យ ជាពិសេសគ្រប់ច្រកចេញចូលត្រូវមានម៉ាស់ អាកុល ការពិនិត្យកម្តៅ សម្រាប់ភ្ញៀវចេញចូលជាដើម។

សំឡេង៖សព្វថ្ងៃនេះឃើញសេវាកម្ម ផ្នែកអាហារដ្ឋាន ភោជនីយដ្ឋាន ងើបឡើងខ្ពស់ រហូតដល់ជិត២០០កន្លែង យើងគិតតាំងពីហាងគុយទាវហាងបាយផ្សេង ឃើញឡើងខ្ពស់មែនទែន សេវាកម្មស្នាក់នៅគាត់បានរៀបចំបណ្តើរៗ ព្រោះផ្លូវកន្លែងគាត់បានរួចរាល់ ពីមុនផ្លូវមិនទាន់រួច អ៊ីចឹងត្រូវកាត់បន្ថយបុគ្គលិក ហើយឥឡូវត្រូវកៀរគរមកវិញ ហើយត្រូវការបណ្តុះបណ្តាលគាត់ឡើងវិញដើម្បីឱ្យកន្លែងគាត់ពង្រឹង តែកន្លែងខ្លះគាត់មានការចិញ្ចឹមបុគ្គលិកគាត់ ដែលគាត់យល់ថាមិនអាចខ្វះបានគាត់ចិញ្ចឹមទៅ កន្លែងខ្លះក៏គាត់ឱ្យបុគ្គលិកទៅសិនទៅចាំបើកចាំមកវិញ អ៊ីចឹងការងារបណ្តុះបណ្តាលនេះវាជាការងារសំខាន់ ធ្វើយ៉ាងណាឱ្យសេវាកម្មទេសចរណ៍នៅក្នុងខេត្តនេះមានដំណើរការល្អឡើងវិញ ដែលកន្លងមកទាំងសេវាកម្មទាំងបន្ទប់ស្នាក់នៅមានការកោតសរសើរអ្វីដែលសំខាន់គឺតម្លៃ។

សូមជម្រាបផងដែរ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាបធ្លាប់បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារចំនួន២២៨កន្លែង ស្មើនឹង១៤,៥៩៩បន្ទប់ ក្នុងនោះបានផ្អាកអាជីវកម្មចំនួន១៨៥កន្លែង និងបានបិទចំនួន១៨កន្លែង ផ្ទះសំណាក់មានចំនួន២៦១កន្លែង ស្មើនឹង៤៧៦០បន្ទប់ បានផ្អាកអាជីវកម្មចំនួន៧៣កន្លែង និងបិទអាជីវកម្មចំនួន១០៩កន្លែង ភោជនីយដ្ឋានចំនួន១៩១កន្លែង បានផ្អាកអាជីវកម្មចំនួន៧៣កន្លែង និងបានបិទអាជីវកម្មចំនួន១០៩កន្លែង ដោយសារវិបត្តិនៃជំងឺកូវីដ១៩៕

ប្រភព៖ ក្រសួងព័ត៌មាន