ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី jeff bezos បាត់បង់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ ដោយសារសេវាកម្មរបស់ក្រុមហ៊ុនជាច្រើនជួបបញ្ហា ១នេះ
អាជីវកម្ម December 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន Amazon ដែលជារបស់មហាសេដ្ឋី jeff bezos ជាច្រើនរួមទាំង Prime Video គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីដែលប្រើ Amazon Web Services (AWS) បានដាច់ចរន្ត ដែលធ្វើឱ្យក្រុមហ៊ុន បាត់បង់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។

តាមសារព័ត៌មានដដែល ក្រុមហ៊ុន Amazon បាននិយាយថា ការដាច់ចរន្តនេះទំនងជាដោយសារតែបញ្ហាទាក់ទងនឹងចំណុចប្រទាក់កម្មវិធី (application programming interface) ហៅកាត់ថា (API) ដែលជាសំណុំនៃពិធីការសម្រាប់ការសាងសង់ និងការរួមបញ្ចូល software របស់កម្មវិធី (application)។

ជាមួយគ្នានេះដែរ ឧបករណ៍ចាប់សញ្ញាបានបង្ហាញថា មនុស្សជាង ២៤,០០០នាក់ បានរាយការណ៍ពីបញ្ហារបស់ក្រុមហ៊ុន Amazon។ ហើយការដាច់ចរន្តនេះ អាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនធំ។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ក្រុមហ៊ុន Amazon បានជួបប្រទះការរំខាននៅក្នុងសេវាកម្មហាងអនឡាញរបស់ខ្លួនម្ដងរួចមកហើយ ដែលមានរយៈពេលជិតពីរម៉ោង និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង ៣៨,០០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia