ស្ថានីយ៍រថភ្លើង Songkhlas Hat Yai បានប្រែក្លាយជាដីទំនេរទៅជាសួនដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដើម្បីធ្វើអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បន្លែដែលបានដាំដុះនៅទីនោះរួមមាន៖ ស្ពៃក្តោប ត្រប់ និងហ្វាតាឡៃចូន ត្រូវបានដាំដុះក្រោមការយកចិត្តទុកដាក់របស់មន្ត្រីស្ថានីយ៍។
លោក Kritsanapon Phankhiri មន្ត្រីស្ថានីយបាននិយាយថា គម្រោងនេះបានចាប់ផ្តើមនៅដើមខែសីហា ក្នុងឆ្នាំ២០២១។ លោកបន្តថា បន្លែនឹងត្រូវចែកជូនពលរដ្ឋ កន្លែងផ្តល់ទាន មន្ទីរពេទ្យ ឬភ្នាក់ងារសម្រាប់ធ្វើម្ហូប បើទោះបីជាបន្លែទាំងនេះមិនអាចបង្កើតប្រាក់ចំណូលបានក៏ដោយ យ៉ាងហោចណាស់វាអាចធ្វើឲ្យមនុស្សញញឹមបានដែរ។
យ៉ាងណាមិញ បើតាមមន្ត្រីស្ថានីយរូបនេះ បានឱ្យដឹងថា ស្ថានីយ៍រថភ្លើងនឹងពង្រីកសួនដាបន្លែក្នុងពេលឆាប់ៗនេះបន្ថែមទៀត ហើយបានលើកទឹកចិត្តដល់ស្ថានីយ៍រថភ្លើងផ្សេងៗឱ្យធ្វើបែបនេះដែរ បើសិនជាសល់ដីទំនេរច្រើន៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


