ផ្សារទំនើប សិនជូរី ផ្លាហ្សា គ្រោងនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខណៈការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់បញ្ចប់ជាស្ថាពរ
អាជីវកម្ម November 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា រយៈពេលជិត២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំសំណង់ហើយៗ គ្រោងនឹងបើកដំណើរការនៅមុនពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះ។

នេះបើតាមការបញ្ជាក់ពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់ អគារផ្សារទំនើប សិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក នួន ផារ័ត្ន បានលើកឡើងថា ដើម្បីលើកស្ទួយកិត្យានុភាពរាជធានីភ្នំពេញក្នុង ឱកាសនៃកិច្ចប្រជុំធំៗដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាប្រជាជាតិអាស៊ី អាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុន JLECC ធ្វើ អភិវឌ្ឍន៍ផ្សារសិនជូរីចាស់ឱ្យក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ដោយសារតែវានៅក្បែរ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលជាច្រកចេញចូលដ៏សំខាន់នៃទីក្រុងភ្នំពេញ។ យើង មិនអាចទុកផ្សារចាស់ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភណភាព រាជធានីភ្នំពេញ នោះទេ។

លោកស្រីឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី នឹងក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិ កម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលថែទាំសុខភាព-សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ-ល- ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។ ភាពចម្រុះ ទាំងនេះរួមមាន៖ ជាន់ផ្ទាល់ដីមាន ត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋជុំវិញ។ ជាន់ទី១. ផ្គត់ផ្គង់ទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍។ ជាន់ទី២. ប្រមូលផ្តុំទៅដោយហាង ប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស។ ជាន់ទី៣. ភោជនីយដ្ឋានដែលប្រជុំទៅដោយរសជាតិល្បីៗទូទាំងពិភពលោក។ ជាន់ទី៤, ៥, និងជាន់ទី៦ ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។

សួនច្បារលើអាកាសអាចឱ្យលោកអ្នកបណ្តែតអារ ម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយ ភាពដ៏អស្ចារ្យ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា