យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីប្រកាសបើកវិស័យអាទិភាពមួយចំនួននាពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ នឹងបើកដំណើរប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ខណៈកំពុងពិចារណាបើកហាងខារ៉ាអូខេផងដែរ។
ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ពីដំណាក់ ចាប់ផ្តើមជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ កម្ពុជាបាននិងកំពុងឆ្លងកាត់ដំណាក់កាលចំនួន៤គឺ ១. ការទប់ស្កាត់ និងប្រយុទ្ធជំងឺកូវីដ១៩ ចាប់ពីខែមិនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ទី២. ការគ្រប់គ្រងជំងឺកូវីដ១៩ ចូលដល់សហគមន៍ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ទី៣. ការបង្កើភាព ស៊ាំក្នុងសហគមន៍ប្រឆាំងជំងឺកូវីដ១៩ តាមរយៈអនុវត្តន៍ការបើកយុទ្ធនាជាតិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផ្គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូដល់បច្ចុប្បន្ននេះ ឬដំណាច់ខែតុលានេះ ។ ទី៤. ចាប់ពីពេល នេះការបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងថ្មីគឺចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
សម្តេចតេជោបានថ្លែងថា “អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងគឺបានសាករួចហើយ ពីព្រោះថាមនុស្សបានចូលក្នុងហាងគ្រប់ទៅហើយ មនុស្សធ្វើចរាចរណ៍ឡើងស្ទះផ្លូវវិញហើយ។ ចាំមើលគួរបើកខារ៉ាអូខេ ឬអត់”។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា កាលពីប្រកាសបិទខារ៉ាអូខេ កន្លងមកមានការនិយាយដៀមដាមថាប្តីចេះបានបាយនៅផ្ទះ។ សម្ដេចតេជោបានបន្ថែមថា ក្នុងដំណាក់កាលនីមួយៗ កម្ពុជាបានធ្វើការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីកុំឱ្យមានការភ័យខ្លាច ដោយសម្តេចតេជោបាននិយាយថា កុំឱ្យមានការពាក់ម៉ាសពីព្រោះ ពេលនោះជំងឺកូរ៉ូណាមិនបានកើតនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែមានអ្នកនិយាយរិះគន់ សម្តេចផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


