នាយកដ្ឋានសុខាភិបាលនៃទីក្រុងហូជីមិញ បានអំពាវនាវឱ្យបើកឡើងវិញនូវ បារ ឌីស្កូ ខារ៉ាអូខេ និងហាងម៉ាស្សា រួមទាំងអាជីវកម្មផ្សេងទៀតនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺកូវីដ-១៩ ទាប។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការអំពាវនាវឱ្យបើកឡើងវិញនេះ គឺបន្ទាប់ពីហាងខារ៉ាអូខេ និងម៉ាស្សា បារ និងក្លឹបរាត្រីក្នុងទីក្រុង HCMC ត្រូវបានបញ្ជាឱ្យបិទទ្វារអស់រយៈពេលប្រហែលកន្លះឆ្នាំមកហើយ។
សារព័ត៌មានដដែលបានឱ្យដឹងទៀតថា នាយកដ្ឋានសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការបើកឡើងវិញនូវអាជីកម្មដែលបានរៀបរាប់ខាងលើ គឺតម្រូវឱ្យបុគ្គលិកទាំងអស់នៅក្នុងអាជីវកម្មទាំងនោះ ត្រូវតែចាក់វ៉ាក់សាំងឱ្យបានពេញលេញ ឬបានជាសះស្បើយពីជំងឺ កូវីដ-១៩។ សម្រាប់អតិថិជនរបស់ពួកគេ គឺត្រូវតែបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះ ឬធ្វើតេស្តអវិជ្ជមានចំពោះមេរោគឆ្លងក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ។
ជាមួយគ្នានោះដែរ នៅក្នុងតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់ អាជីវកម្មអាចបើកឡើងវិញបាន ប៉ុន្តែសមត្ថភាពនៃការបើក តំបន់ហានិភ័យមធ្យមមានត្រឹមតែ ៥០% និងតំបន់ដែលមានហានិភ័យខ្ពស់ គឺមានតែ ២៥% ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា តំបន់ដែលមានហានិភ័យទាប រួមមាន Thu Duc និង Go Vap, Tan Binh, 1, 7, 8, 10 ស្រុក Can Gio និង Cu Chi៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


