ដំណឹងល្អ! ផ្សាររាត្រីឃ្យូងយូ ផ្លូវ៦០ម៉ែត្រ នឹងបើកដំណើរការលក់ដូរឡើងវិញក្នុងពេលឆាប់ៗនេះ
អាជីវកម្ម October 25, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ក្រោយផ្អាកដំណើរការលក់ដូរមួយរយៈដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ អាជ្ញាធរពាក់ព័ន្ធខេត្ត សៀមរាបបានពិនិត្យលទ្ធភាព បើកដំណើរការលក់ដូរឡើងវិញ នូវទីតាំងផ្សារអង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រនាពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករលក់ដូរ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពជាក់ស្តែង ក្រុមការងាររបស់រដ្ឋបាលខេត្ត និងរដ្ឋ បាលក្រុង បានសម្រេចអនុ ញ្ញាតឱ្យមានការបើកដំណើរ ការលក់ដូរឡើងវិញ នូវទីតាំងផ្សារអង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ ។

លោកបន្តទៀតថា បច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើសកម្ម ភាពយ៉ាងមមាញឹក ក្នុងការ រៀបចំសម្រង់ប្លង់ ការចុះវាស់ វែងទីតាំងតូបនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាព ឱ្យត្រូវទៅតាមស្តង់ដារ មុននឹងអនុ ញ្ញាតឱ្យបងប្អូនអាជីវករអាចបើកដំណើរការលក់ដូរឡើង វិញ។ តែក្នុងនោះពួកគាត់ក៏ត្រូវគោរព និងចូលរួមសហ ការជាមួយស្ថាប័នពាក់ឱ្យបានខ្ជាប់ខ្ជួន ពិសេសគោរពទៅ តាមវិធានសុខាភិបាល។

សំឡេង៖ «ផ្សារឃ្យូងយូនេះខ្ញុំសង្ឈឹមថា ២ទៅ៣ថ្ងៃទៀតយើងឱ្យគាត់ដំណើរការឡើងវិញហើយ យើងកំពុងវាស់វែងទាំងទំហំ ទាំងគម្លាត ទាំងស្តង់ដារ រវាងកន្លែងហ្នឹងមានលក់ស្បែកជើងខ្លះ លក់ខោ អាវខ្លះ និងម្ហូបអាហារ ដូចជាសង្វាក់ យើងរៀបចំឱ្យត្រូវស្តង់ដារ បើកឡើងវិញហើយ កន្លែងខ្លះតូច កន្លែងខ្លះធំទៅ ជាពិសេសកន្លែងហូបអី គាត់ដាក់កៅអីច្រើន តុច្រើន លក្ខ ខណ្ឌអស់នេះយើងមិនអនុ ញ្ញាតទេ ពេលបច្ចុប្បន្នយើងឱ្យគាត់មានតែកន្លែងលក់ បើកន្លែងអង្គុយយើងឱ្យគាត់ មានយ៉ាងច្រើនមួយឬពីរតុ មិនឱ្យមានតុច្រើនដូចមុនទេ យើងលើកទឹកចិត្តឱ្យគាត់វេចខ្ចប់ យើងរៀបចំប៉ុន្មានថ្ងៃ ហើយ រៀបចំជាគំរូប្លង់ ជាបទដ្ឋាន មានតាំងពីម៉ោង តាំងពីបរិស្ថានរៀបចំស្ទើរតែរួចរាល់ហើយ ឥឡូវដល់ដំណាក់កាលឱ្យបងប្អូន ចូល រៀបចំសាកល្បងបណ្តើរៗហើយ បើសិនអនុវត្តបានពេញលេញបទដ្ឋាននេះ យើងនឹងដំណើរការឡើងវិញ »។

សូមជម្រាបផងដែរ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប បានសម្រេចឱ្យបើកដំណើរ ការសាកល្បង និងបើកដំណើរការជាផ្លូវការ នូវបណ្តាផ្សារទាំងតូចធំ និងទីតាំងអាហារដ្ឋាន ភោជនីយដ្ឋានមួយចំនួន នៅក្នុងក្រុងសៀម រាប និងទីតាំងផ្សារនៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងគោលបំណង បើកចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសហគមន៍ជាបណ្តើរៗឡើង វិញ បន្ទាប់ពីបានបិទមួយរយៈ កាលកន្លងមក ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន