មិនធម្មតាមែន TikTok មានអ្នកប្រើប្រាស់ដល់ទៅជាង ១ ពាន់លាននាក់ក្នុង ១ខែៗ ទោះជួបព្យុះភ្លៀង និងឧបសគ្គរាប់មិនអស់
អាជីវកម្ម September 29, 2021 Khmernote

យោងតាមសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រកម្មវិធីចែករំលែកវីដេអូ TikTok បានឱ្យដឹងថា មនុស្សជាង ១ពាន់លាននាក់បានប្រើកម្មវិធី TikTok ជារៀងរាល់ខែ។​ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីផលិតវីដេអូខ្លីៗ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូកម្សាន្តរបស់ពួកគេ មានទាំងការរាំ វិដេអូកំប្លែង និងតាមទេពកោសល្យរៀងខ្លួនផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា៖ « TikTok បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សទូទាំងពិភពលោក ដោយសារតែភាពច្នៃប្រឌិត និងភាពត្រឹមត្រូវនៃការបង្កើតរបស់យើង។ ដោយឡែកបើយោងតាមក្រុមហ៊ុន Sensor Tower ដែលជាក្រុមហ៊ុនវិភាគ បានឱ្យដឹងថា កម្មវិធីដែលមិនមែនជាកម្មវិធីហ្គេមមួយនេះ បានក្លាយជាកម្មវិធីដែលត្រូវបានទាញយក (Download) ច្រើនបំផុតនៅខែសីហាឆ្នាំ ២០២១។

TikTok បាននិយាយនៅរដូវក្តៅនេះថា ខ្លួនមានគម្រោងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូវែងជាងនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ្នកប្រើប្រាស់របស់ខ្លួនរកលុយបានច្រើន។ មិនតែប៉ុណ្ណោះ ByteDance ក៏បាននិយាយនៅខែនេះដែរថា ខ្លួននឹងដាក់កំហិតពេលវេលាប្រចាំថ្ងៃ ៤០ នាទីលើកម្មវិធីចិនដែលមានឈ្មោះថា Douyin សម្រាប់អ្នកដែលមានអាយុក្រោម ១៤ ឆ្នាំ។

គួរឱ្យដឹងផងដែរថា TikTok បានចាប់ផ្តើមដំណើរការនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ពោលគឺ ប្រាំឆ្នាំបន្ទាប់ពីក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើង។ ក្រោយមក TikTok បានជួបប្រទះការជំទាស់នៅសហរដ្ឋអាមេរិកនៅពេលដែលរដ្ឋបាល Trump កាលពីឆ្នាំមុនបានចេញបទបញ្ជាប្រតិបត្តិមួយដែលមានប្រសិទ្ធិភាពក្នុងការហាមឃាត់កម្មវិធីនៅក្នុងប្រទេស ដោយមន្រ្តីអាមេរិកមានការព្រួយបារម្ភអំពីទិន្នន័យអ្នកប្រើប្រាស់ដែលរដ្ឋាភិបាលចិនអាចចូលប្រើបាន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost