អស្ចារ្យមែនទែន! សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់ ផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង
អាជីវកម្ម September 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់គណនីហ្វេសប៊ុក Pursat Provincial Hall បានឱ្យដឹងថា សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង បានលេចវត្តមាននៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមប្រភពដដែលបានឱ្យដឹងថា សហគ្រាស TK & D ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយឯកឧត្តម​ ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមជាមួយឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

គួរបញ្ជាក់ថា សហគ្រាស TK & D បង្កើតឡើងក្នុងគោលបំណង ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

ជាមួយគ្នានេះដែរ សហគ្រាសនេះបោះទុនវិនិយោគប្រមាណជាង ៥លានដុល្លារ ​នៅលើផ្ទៃដីប្រមាណជាង ២ហិកតា ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើង បានប្រមាណជាង១០០នាក់ផងដែរ៕

អត្ថបទ៖ លីនី