យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប នៅតែបន្តមុខរបរធ្វើអង្រឹងពីកំប្លោកសម្រាប់លក់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ទោះបីជាបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈម ក្នុងការលក់ចេញខ្លះៗក៏ដោយ។
អ្នកស្រីសន សុភា អាយុ៥០ ឆ្នាំ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរធ្វើអង្រឹងពីកំប្លោកលក់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារអ្នកស្រីយល់ថា អង្រឹងផលិតពីកំប្លោក ជាផលិតផលក្នុងស្រុក ដែលមានភាពងាយស្រួលក្នុងការរកមកផលិតជាអង្រឹង សម្រាប់ជូនអតិថិជន។
អ្នកស្រីបន្តថា ទម្រាំអាចផលិតបានជាអង្រឹងមួយៗ មិនងាយស្រួលប៉ុន្មានឡើយ ព្រោះត្រូវចំណាយពេលវេលាទៅកាប់ កំប្លោក នៅតាមបឹង មកហាលថ្ងៃឱ្យស្ងួតពី ៣ថ្ងៃទៅ៥ថ្ងៃ ទើបយកមកវិញជាអង្រឹង ដោយត្រូវចំណាយពេលវេលាបន្ថែមយ៉ាងហោចណាស់ ៣ថ្ងៃទៀត ទើបអាចផលិតបានជាអង្រឹងមួយ។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃអ្នកស្រីបានផលិតអង្រឹងផលិតពីកំប្លោក មាន៣ប្រភេទ ទៅតាមតម្រូវការអតិថិជន និងមានតម្លៃចាប់ពី៣៥០០០ រៀលឡើងទៅ តាមទំហំនិងម៉ូតរបស់អង្រឹង ប៉ុន្តែបច្ចុប្បន្នការលក់ចេញផលិតផលទាំងនេះ ហាក់មានជួបបញ្ហាប្រឈមខ្លះៗ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
“ធ្វើកំប្លោកនេះមុនដំបូង គេទៅកាប់កំប្លោក យកមកច្រៀកហាលថ្ងៃឱ្យស្ងួត២ទៅ៣ថ្ងៃ យកមកធ្វើអង្រឹងវេញខ្សែហើយ យើងហាល បានយើងបំបែកធ្វើជាអង្រឹង ក្នុងមួយថ្ងៃធ្វើអត់បានមួយទេអង្រឹងក្រឡាគោម តែ៣ថ្ងៃទើបធ្វើបានមួយ ម៉ូយគេមកលក់បានមួយ តម្លៃ៣៥០០០រៀល បើលក់ខ្លួនឯងម៉ូយទិញរាយបានមួយ៤ម៉ឺន មានអាតូច មានអាធំ មានខ្សែរាយ មានខ្សែឌុប៣ មានខ្សែ៣ ទាំងអស់មាន៣ប្រភេទ តាំងពីមានកូវីដនេះមក អត់សូវមានម៉ូយមកទិញទេ ព្រោះពេល បិទទៅមិនដឹងថាគេទៅលក់ឯណា យូរៗបានគេកម្ម៉ង់ បើគេកម្ម៉ង់បានធ្វើឱ្យគេ បើគេអត់កម្ម៉ង់គឺសម្រាកសិនទៅកាប់កំប្លោកបន្តទៀត”។
សូមជម្រាបផងដែរថា កំប្លោកមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង សម្រាប់ធ្វើអន្លក់ទទួលទាន ជាមួយម្ហូបអាហារ ប៉ុណ្ណោះទេ តែរុក្ខជាតិនេះ ក៏អាចកែច្នៃធ្វើរបស់ប្រើប្រាស់បានច្រើនយ៉ាងណាស់ដូចជា៖ អង្រឹង ទ្រនាប់កែវ ទ្រនាប់ចាន ស្បែកជើង វត្ថុអនុស្សាវរីយ៍ផ្សេងៗ និងជាពិសេសធ្វើជាកាបូបសម្រាប់ស្ត្រី យ៉ាងស្រស់ស្អាតផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន


